កម្ពុជា មានវត្តមានសត្វក្រពើភ្នំច្រើនជាងគេ លើពិភពលោក
ខេត្តមណ្ឌលគិរី៖ មន្ត្រីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF) បានថ្លែងថា នាពេលបច្ចុប្បន្ននេះ កម្ពុជានៅសេសសល់ក្រពើភ្នំ ដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWF បានឱ្យដឹងថា នៅដងទន្លេស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរីគេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។
កញ្ញាបានបន្តឱ្យដឹងថា សត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ ដោយហេតុនេះដើម្បីដឹងថាវាពិតជាមានវត្តមាននៅកម្ពុជានោះ គេចាំបាច់ត្រូវតាមដានពីដានជើង រូងរបស់វារស់នៅ ឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។ យ៉ាងណាក្តីសម្រាប់ស្លាកស្នាម និងអត្តសញ្ញាណដែលគេដឹងថា សត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះ មានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់ និងងាយស្រួលចំណាំផង។
កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះ គេនឹងធ្វើការ សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ ចំពោះការសិក្សាស្រាវជ្រាវនេះដែរគឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា។ ចំពោះការសិក្សានាឆ្នាំ២០២១នេះដែរ ដើម្បីឱ្យបានដឹងច្បាស់លាស់ថា សត្វប្រភេទនេះមានប៉ុន្មានក្បាលហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់WWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។
ទាក់ទិនក្នុងរឿងនេះកញ្ញាMILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរីគឺជាទីកន្លែងល្អនៃជម្រករបស់វាដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់ និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។
ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់ថាបើសិនករណីសត្វប្រភេទនេះស្ថិតនៅក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំងនិងពិសេសការឈានដល់បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញនៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីពាក់ព័ន្ធដើម្បីរកភាពច្បាស់លាស់មួយ។សម្រាប់ នៅតំបន់ដងទន្លេស្រែពកគឺជាទីកន្លែងល្អមួយក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពីសហគមន៍ដែលពលរដ្ឋរស់នៅ។
ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពកខេត្តមណ្ឌលគិរីបានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជពិសេសសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាត នោះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានបានរួមសហការជាមួយដៃគូដោយមានវិធានការមួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការនៃការបង្កាត់ពូជដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។
ដោយឡែកលោក សេង ទៀក នាយកអង្គការWWF បានឱ្យដឹងដែរថា ការប្រឈមមុខបាត់បង់ពូជសត្វក្រពើភ្នំមានច្រើនកត្តាក្នុងនេះដូចជាក្នុងអំឡុងក្នុងឆ្នាំ២០០៣ដល់២០០៥ប្រជាពលរដ្ឋបាននាំគ្នាមកប្រមូលពងរបស់វានៅតាមតំបន់ទន្លេស្រែពក ប៉ុន្តែបន្ទាប់ពីតំបន់ទន្លេស្រែពកនេះត្រូវបានគេដាក់បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិស្នូលមកសកម្មភាពនេះបានលុបបំបាត់ទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។