ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC អនុម័តឲ្យក្រុមហ៊ុនចិនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអនុម័ត ឲ្យក្រុមហ៊ុនរបស់ប្រទេសចិនឈ្មោះ “Cambodian Ppshv Expressway CO.,LTD.” ដើម្បីអនុវត្តន៍គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) មានទុនវិនិយោគប្រមាណ ១,៨៧ប៊ីលានដុល្លារសហរដ្ឋអាមេរិក និងអាចបង្កើតការងារបាន ៩.៥១៥កន្លែង។
បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា នឹងត្រូវធ្វើពិធីបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។
ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានេះ នឹងចែកចេញជា ៤គន្លង មានប្រវែង១៩០,៦៣គីឡូម៉ែត្រ ជាផ្លូវថ្មីទាំងស្រុង និងតួផ្លូវមានទទឹង ២៤ម៉ែត្រ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានា ទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុ ទៅតំបន់ទៅតំបន់ដទៃទៀត ។
សូមរម្លឹកថាកាលពីដើមឆ្នាំ២០១៨នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខា ជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៩០,៦៣គីឡូម៉ែត្រ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព ស្ថិតក្នុងរាជធានីភ្នំពេញ ៕
រូបភាពគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។