ព្រឹក​មិញ​! អាជ្ញាធរ​ខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្ស ១៣​នាក់ ដែល​បន្ទោបង់ នៅតាម​សួនច្បារ​សាធារណៈ យកមក​អប់រំ​ណែនាំ​

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​អោយកម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់ ក្នុង​មូលដ្ឋាន ក៏បាន​ជួប​ក្រុម​ម៉ូតូឌុប និង​ម៉ូតូ​កង់​៣ ចំនួន ១៣​នាក់ បាន​ឈប់​យាន្ត​ជំនះ របស់ខ្លួន ហើយ​ទៅ​បន្ទោបង់ នៅតាម​ដើមឈើ តាម​សួនច្បារ តាម​ទីសាធារណៈ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករ​អោយមាន​ក្លិនឆ្អេះ​ឆ្អាប ដល់​អ្នកធ្វើដំណើរ -​ល​- ភ្លាមៗ​នោះ កម្លាំង​យើង​ក៏បាន​អញ្ជើញ​ពួកគាត់​មក​ធ្វើការ​អប់រំ​ណែនាំ នៅ​សាលាខណ្ឌ​ដូនពេញ និង បាន​ឲ្យ​ពួកគាត់​ធ្វើការ​បាញ់​លាង​សំអាត​កន្លែង​ដែល​ពួកគាត់​បន្ទោបង់​រួច​ទើប​អនុញ្ញាតអោយ​ពួកគាត់​ត្រឡប់​ទៅវិញ ។​

​រដ្ឋបាល​ខណ្ឌ សូម​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​យក​គំរូ​តាម​ពួកគាត់ និង សូម​រក​កន្លែង បន្ទោបង់​អោយបាន​ត្រឹមត្រូវ នៅ​បន្ទប់ទឹក​សាធារណៈ ឬ​ឯកជន ដែល​នៅ​ជិត​លោកអ្នក ជៀសវាង​ធ្វើតាម​ពួកគាត់ បង្ក​ភាពអនាធិបតេយ្យ បាត់​សណ្តាប់ធ្នាប់ អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈជន​ផងដែរ សូម​អរគុណ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close