ព្យុះព្រិលនៅជប៉ុន បង្កឲ្យរថយន្តជាង ១៣០គ្រឿងបុកបន្តកន្ទុយ
ព្យុះទឹកកកដ៏ធំមួយ បានវាយប្រហារផ្លូវល្បឿនលឿន(highway ) នៅភាគខាងជើងនៃប្រទេសជប៉ុន ដែលបណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និងបង្កឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ១០នាក់រងរបួស។
បើតាមអជ្ញាធរ បានឲ្យដឹងថា ព្យុះទឹកកកដ៏ធំនេះបានបក់បោកលើផ្លូវល្បឿនលឿនឈ្មោះថា Tohoku Expressway ស្ថិតក្នុងខេត្ត Miyagi នៅវេលាថ្ងៃត្រង់ នៅថ្ងៃអង្គារនេះ។ ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល ២០០ នាក់ បានជាប់គាំងនៅក្នុងគំនរព្រិលទឹកកក ខណៈអ្នកជួយសង្គ្រោះ កំពុងដុតដៃដុតជើង នៅកន្លែងកើតហេតុ។
គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជប៉ុនបានរងការវាយប្រហារដោយព្យុះព្រិលយ៉ាងខ្លាំង ដោយផ្នែកខ្លះនៃប្រទេសនេះ មើលឃើញការធ្លាក់ព្រិលច្រើនទ្វេដងលើសពីធម្មតា។ កាលពីខែមុន ដោយសារតែព្រិលធ្លាក់ខ្លាំង បានធ្វើឲ្យយានយន្តជាង ១,០០០គ្រឿង ជាប់គាំងនៅតាមបណ្តោយផ្លូវល្បឿនលឿន Kanetsu Expressway អស់រយៈពេល ២ថ្ងៃ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត នៅថ្ងៃទី ១៩ខែមករា ឆ្នាំ២០២១ ខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងជប៉ុន បានប្រកាសអាសន្នពីការឆ្លងរាលដាលកូវីដ ១៩ ខណៈអ្នកឆ្លងនៅក្នុងប្រទេសជប៉ុនកើនឡើងខ្ពស់ ។ អភិបាលខេត្តអូគីណាវ៉ា លោកDenny Tamaki បានសម្រេចប្រកាសអាសន្ន ដោយស្នើដល់បណ្តាភោជនីយដ្ឋាន ក្លឹបកម្សាន្ត នានា ត្រូវបិទទ្វារចាប់ពីម៉ោង ២០ រៀងរាល់ថ្ងៃ។
ជាមួយគ្នានោះពលរដ្ឋ ដែលមិនមានការចាំបាច់មិនត្រូវចេញពីផ្ទះឡើយ។ ស្ថានភាពអាសន្ននឹងអូសបន្លាយដល់ទៅ ថ្ងៃទី ៧ខែកុម្ភៈឆ្នាំ២០២១។ កន្លងមករដ្ឋាភីបាលជប៉ុនបានប្រកាសអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន៣ផ្សេងទៀត ។ ដោយឡែកខេត្ត អូគីណាវ៉ា គឺជាទីកន្លែងដែលទាហានអាមេរិក ឈរជើងភាគច្រើន បានសម្រេចប្រកាសអាសន្ន ក្រោយរកឃើញករណីឆ្លងកូវីដ ១៩កើនឡើងខ្ពស់ ។
បណ្តាញទូរទស្សន៍ជប៉ុន NHK បានផ្សាយថា ខេត្តអូគីណាវ៉ា នៅថ្ងៃទី ១៩ ខែមករា នេះ បានរកឃើញ មានអ្នកឆ្លងកូវីដ ១៩ ដល់ទៅ ១១៣នាក់គឺជាចំនួនឆ្លងខ្ពស់ ៣ថ្ងៃជាប់គ្នាក្នុងខេត្តនេះ។ កន្លងមក រដ្ឋាភិបាល ខេត្ត Shizuoka ស្ថិតនៅភាគកណ្តាលនៃប្រទេសជប៉ុនក៏បានប្រកាសអាន្ន ពីវីរុសទម្រង់ថ្មី ក្រោយរកឃើញមាន៣នាក់ឆ្លងវីរុសកូវីដ១៩ ប្រភេទថ្មីមានប្រភពចេញពីប្រទេសអង់គ្លេស។
គិតមកដល់វេលាម៉ោង ២០ យប់ថ្ងៃទី១៩ខែមករា តាមគេហទំព័រWorldometer នៅទូទាំងប្រទេសជប៉ុនមានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅ328.294 នាក់ និងស្លាប់៤៥០១នាក់ ។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយជាង ២៥២ពាន់នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។