សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា ជួប​គ្រោះថ្នាក់​ចរាចរណ៍

ព្រះសីហនុ​​​៖ នា​ម៉ោង​ជិត៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​នៅ​ភូមិសាស្ត្រ ឃុំអូរចំណារ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលបណ្ដាល​ឲ្យ​សម្ដេចក្រុមព្រះ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្របញ្ជូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ចំណែកអ្នកម្នាង អ៊ុក ផល្លា បានទទួលអនិច្ចកម្ម។

បើតាម​ប្រភព​នៅ​កន្លែងកើតហេតុ ក្បួន​រថយន្ត​របស់​ស​ម្តេច​ក្រុមព្រះជិះ​នៅក្នុង​រថយន្ត BMW ពណ៌​ស ស្លាក​លេខ រដ្ឋសភា 2-090 បាន​ប៉ះទង្គិច​ជាមួយ​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​មួយគ្រឿងម៉ាក​ហាយ​ឡេ​ន​ឌើ ពណ៌​ស ស្លាក​លេខ 2L-9667 ដែលមានអ្នក​បើកបរឈ្មោះ វ៉ុល សារ៉េត ក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ខណៈក្បួន​រថយន្ត​សម្តេចក្រុមព្រះ បាន​ជិះ​ពី​ខេត្តកំពត​ទៅ​ខេត្ត​ព្រះសីហនុ។​​​ គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្តឈ្នួល​ម៉ាក​ហាយ​លែ​ន​ឌើ ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ ហើយ​បាន​បុក​ចូល​រថយន្ត​របស់​សម្តេច​ក្រុមព្រះ​តែម្តង​។

បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានមនុស្ស​៧នាក់ជិះ​នៅក្នុង​រថយន្ត BMW។

សូមជម្រាបថា នេះមិនមែន​ជាលើកដំបូងឡើយ​ដែលសម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ត។ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ព្រៃ​ខ្វិត ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម ខណៈដែល​ក្បួន រថយន្ដ​របស់​សម្ដេច​ក្រុមព្រះ ដែលមាន រថយន្ដ​ស៊ី​រ៉ែ​ន​នាំមុខ កំពុងធ្វើដំណើរ មកកាន់​រាជធានី ភ្នំពេញ​នោះ ស្រាប់តែ​រថយន្ដ ដឹក​ដី​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-4495 ធ្វើដំណើរ​បញ្ច្រាស ទិស​ក្បួន ហើយ​ពេល​ផុត រថយន្ដ​ស៊ី​រ៉ែ​ន រថយន្ដ​ដឹក​ដី បាន​បើក​ចូល ក្បួន​ទៅ​គៀរ​រថយន្ដ របស់​ព្រះអង្គ រួច​បន្ដទៅ បុក​គល់ឈើ​។ ក្នុង​ហេតុការណ៍​នោះ បណ្ដាល​រងរបួស​ធ្ងន់​ស្រាល ៦​នាក់ ដោយ​អ្នក​ម្នាង អ៊ុក ផល្លា បាន​រងរបួស​ធ្ងន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close