ឯកឧត្តម គួច ចំរើន ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន KSWM

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន ខេ​អេស​ដាប់​ប៊ែ​ល​យូ​អិ​ម (KSWM,Co,Ltd) ដោយមាន​ការចូលរួម​ពី​លោក នាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​ព្រះសីហនុ ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ ។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ បាន​ចូលរួម​បរិច្ចាគ​ឈាម​ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន ខេ​អេស​ដាប់​ប៊ែ​ល​យូ​អិ​ម (KSWM,Co,Ltd) ជា​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុងព្រះសីហនុ ដោយ​កោត សរសើរ​ស្មារតី​ស្ម័គ្រចិត្ត​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក ខេ​អេស​ដាប់​ប៊ែ​ល​យូ​អិ​ម (KSWM,Co,Ltd) ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​អាយុជីវិត​ប្រជា ពលរដ្ឋ​ក្នុងករណី​ចាំបាច់​ដែល​ត្រូវការ​ឈាម ជាការ​រួមចំណែក​ដ៍​ធំធេង​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស ហើយ​ការចូលរួម​បរិច្ចាគ​ឈាម​នេះ ជា​កុសល​មួយ​ធំធេង​ចំពោះ​មនុស្សជាតិ ម្យ៉ាង​ការបរិច្ចាគ​ឈាម អនុវត្តតាម​វិធាន​សុខាភិបាល ។ តាម​ស្មារតី​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន បាន​ឆ្លុះបញ្ចាំង​ការងារ​មនុស្សធម៌​ក្នុងសង្គម​ប្រកបដោយ​ស្ម័គ្រចិត្ត ។ ​ថ្វី​ត្បិត​ក្នុងស្ថានភាព​កូ​វីដ​-១៩ មិនទាន់បាន​ធូរស្រាល​នៅ ឡើយ​។ ទោះបី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជំនួយ​វ៉ាក់សាំង​របស់​ប្រជាមានិត​ចិន និង​បានការ​គាំទ្រ​ថវិកា​ពី​សប្បុរសជន​ក្នុង​ការទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ព្រោះ​បញ្ហា​ជំងឺ​កូ​វីដ​នៅតែ​ជា​ចំណុចក្តៅ ។

​ក្នុងឱកាស​នោះ ឯកឧត្ដម គួច ចំរើន បាន​កោតសរសើរ​ចំពោះ​ក្រុមគ្រូពេទ្យ​របស់​យើង ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​ក្រុមគ្រូពេទ្យ​ចេះ​យក​សំណាក​និង​ព្យាបាល​បានល្អ ប្រសិនបើ​យើង​មិនចេះ​របៀបរបប និង​វិធានការ​ព្យាបាល ក្រុមគ្រូពេទ្យ​របស់​យើង​ជា​យុទ្ធជន​ជួរមុខ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​។ ម្យ៉ាងទៀត​ខេត្ត​ព្រះសីហនុ មាន​អ្នកជំងឺ​កូ​វីដ​-១៩ មុនគេ​ក្នុងប្រទេស​កម្ពុជា ដែល​យើង​មិនទាន់មាន​បទពិសោធន៍​ក្នុងការ​ព្យាបាល ហើយ​ភារកិច្ច​របស់​គ្រូពេទ្យ​ត្រូវ​ព្យាបាល​ចំពោះ​អ្នកជំងឺ ។

​យើង​ត្រូវ​ប្រមូលផ្តុំ​ក្រុមគ្រូពេទ្យ​របស់​យើង​ឱ្យ​ចេះ​យក​សំណាក ព្យាបាល ទទួលបាន​លទ្ធផល​ល្អ ដូច្នេះ​មន្ត្រី​សុខាភិបាល​ត្រូវ​បន្ត​ហ្វឹកហ្វឺន​បន្តទៀត ដើម្បី​ត្រៀម​បង្ការ​ករណី​ទប់ស្កាត់​ការឆ្លង​ដល់​សហគមន៍ ។ យើង​បន្ត​ហ្វឹកហាត់​ដល់​ក្រុមគ្រូពេទ្យ​កងទ័ពជើងទឹក និង​បន្តទៅ​ហ្វិ​ក​ហាត់​ដល់​ក្រុមគ្រូពេទ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្តទៀត ដើម្បី​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព ។​ ​លោក ដេវីដ ប្រធាន​ក្រុមហ៊ុន ខេ​អេស​ដាប់​ប៊ែ​ល​យូ​អិ​ម KSWM,Co,Ltd) ឱ្យដឹងថា ថ្ងៃនេះ​មាន​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន បាន​ចូលរួម​បរិច្ចាក​ឈាម​ដោយ​ស្ម័គ្រចិត្ត​ចំនួន ១៨០​នាក់ និង​បុគ្គលិក​ក្រុមហ៊ុន KB Hotel ២២​នាក់ ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close