ឯកឧត្តម សាយ សំអាល់៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយក្រុមយុវជនគម្រោង ផ្តើមចេញពីយើង និងក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
ឯកឧត្តមសាយ សំអាល់ បន្ថែមថា «បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានល្អស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាព សម្រាប់ការរស់នៅរស់យើង។ សង្គមកម្ពុជាមាន បរិស្ថានស្អាត និងមានភពបៃតងគឺកើតចេញពីពលរដ្ឋកម្ពុជាម្នាក់ៗចូលរួមក្នុងសកម្មភពបរិស្ថាន មានមេត្រីភាពបរិស្ថានប្រកបដោយ ការទទួលខុសត្រូវ និងដោយស្មារតីស្រឡាញ់បរិស្ថានខ្ពស់»។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ដោយឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ កំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ក៏ដូចជាមូលដ្ឋានគ្រឹះនៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងមតិដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានកំណត់យកការកែទម្រង់ស៊ីជម្រៅ ការកសាងសមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអាទិភាពខ្ពស់ ស្របទៅតាមទស្សនាទាននៃ «រដ្ឋបាលទំនើប» សំដៅលើប្រព័ន្ធការងារមួយ ដែលដំណើរការងារដោយបែបបទនីតិវិធីប្រកប ដោយប្រសិទ្ធភាព និងធនធាន មនុស្សប្រកបដោយគុណភាព ដែលក្នុងនោះទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់យល់ច្បាស់អំពីបេសកកម្ម ចក្ខុវិស័យ គោលបំណងរបស់ស្ថាប័ន អង្គភាពគ្រប់ជាន់ថ្នាក់ ហើយបំពេញតួនាទី ភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនម្នាក់ៗ ប្រកបដោយការភ្ញាក់រលឹក មនសិការវិជ្ជាជីវៈ ការច្នៃប្រឌិត ដោយតម្កល់ខ្ពស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋនិងឧត្តមប្រយោជន៍នៃប្រជាជន និងជាតិមាតុភូមិ ពោលគឺធានាបាននូវកិច្ច គាំពារបរិស្ថាន ការអភិរក្ស ជីវចម្រុះ និងការរស់នៅ ប្រកបដោយចីរភាព ។
ឯកឧត្តមបានថ្លែងថា ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមនុស្ស ជាពិសេស យុវជន និងកុមារ តាមរយៈការអប់រំផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ ជាពិសេសបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ក្នុងវិស័យបរិស្ថាន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការ លើកកម្ពស់ការយល់ដឹង សំដៅប្រែក្លាយចំណេះដឹង ទៅជាការប្រតិបត្តិបរិស្ថានល្អ ដូចដែលបានគូសបង្ហាញនៅក្នុងគោលបំណងជាយុទ្ធសាស្ត្រទី៤ នៃយុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ២០១៦ – ២០២៣ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ជួយដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើសមាហរណកម្មបញ្ហាបរិស្ថានទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការវិនិយោគទៅតាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រង និងអភិបាលកិច្ចក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។