“វិថីលក់ម្ហូបអាហារ” នឹងបង្ហាញវត្តមាន សួនមហោស្រពចាស់ ក្នុងក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសុរិយោដីនិងសំណង់ លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរសង្កាត់។
ឆ្លងតាមការប្រជុំពិភាក្សាឯកឧត្តមអភិបាលខេត្តយល់ឃើញថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។ ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ សិក្សាទីតាំងនេះ លំអិតដើម្បីឈានទៅដំណើរការគម្រោងនេះឱ្យបានសមស្រប។
ឯកឧត្តម គួច ចំរើន បានសំដែងការគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្មស្តង់ដារStreet Food នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្រុងព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា តាមរយៈការប្រលងប្រណាំងទីក្រុងស្អាតក្រសួងទេសចរណ៍បានដាក់ចេញការប្រលងប្រណាំងស្តង់សេវាកម្មវិថីម្ហូបអាហារ ដោយបានកំណត់លក្ខណៈវិនិច្ឆ័យចំនួនដូចជា៖
ស្តង់ដារតូប ការតុបតែង ស្លាកយីហោ អនាម័យ ទីតាំងចំណត មានបន្ទប់ទឹកស្អាត ការដាក់ច្រករបាំងបង្ហាញផ្លូវដល់ភ្ញៀវ សញ្ញាសម្រប់ភ្ញៀវចេញចូល និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ដោយមានការពិនិត្យវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមសូចនាករគោលរបស់ក្រសួងទេសចរណ៍ដើម្បីលើកកំពស់គុណភាពសេវាទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ។
បន្ថែមពីនោះឯកឧត្តម អភិបាលខេត្ត ទីតាំងនេះគ្រោងរៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់ទឹក ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នកដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ Street Food ដែលកំណត់ច្បាស់លាស់ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ អ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃណែនាំឱ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងឱ្យលក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។