សម្ដេចតេជោ ហ៊ុន សែន ស្ដីបន្ទោសអភិបាលខេត្តតាកែវ
តាកែវ ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួនជាង១ម៉ឺន៧ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខេត្តតាកែវ នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្ដីបន្ទោសអភិបាលខេត្តតាកែវ លោក អ៊ូច ភា ថា មិនចេះធ្វើការ និងមិនចេះឆ្លើយពីតម្រូវការប្រជាពលរដ្ឋចំពោះមុខនាយករដ្ឋមន្ត្រី។
សម្តេចតេជោស្ដីបន្ទោសដល់អភិបាលខេត្តតាកែវថា “កុំមើលហើយបានតែមើល មើលហើយត្រូវពិនិត្យមើល ដោះស្រាយរបៀបយ៉ាងមិច..? គ្រាន់តែជញ្ជាំងសាលាសោះ ទុកឲ្យនាយកសាលា ខលមិន សុំនាយករដ្ឋមន្ដ្រី”។ សម្ដេចមានប្រសាសន៏បន្ថែមទៀតថា “ពួកនេះ ឆ្លើយរបៀបតែ ស៊ូ ភារិន្ទ ឬ ស្រី បេន ព្រោះពួកនេះមានគ្រូតែមួយ”។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់តាមដានសំណូមពរ រាល់កង្វល់របស់ប្រជាពលរដ្ឋតាមរយៈ Comment Facebook នាយករដ្ឋមន្ត្រី និងត្រូវដោះស្រាយឱ្យមានប្រសិទ្ធភាពបំផុត …កុំចាំតែនាយករដ្ឋមន្ត្រីពេក។
ទន្ទឹមនឹងនោះ សម្ដេចបានសំណូមពរដល់ប្រជាពលរដ្ឋកុំខឹងគោវាយរទេះ កុំខឹងមេភូមិស្អប់នាយករដ្ឋមន្ត្រី ត្រូវមានការថ្លឹងថ្លែង និងពិចារណាថា តើការដឹកនាំរបស់សម្តេច រវាងគុណសម្បត្តិ និងគុណវិបត្តិមួយណាធំជាង។
ជាចុងក្រោយសម្ដេច អំពាវនាវកុំឲ្យមានការភ្នាល់បាល់ក្នុងរដូវប្រកួតបាល់ទាត់ពិភពលោកផងដែរ។
អភិបាលខេត្តតាកែវ លោក អ៊ូច ភា (រូបខាងស្ដាំ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។