អាជ្ញាធរខណ្ឌចំការមន បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ផ្សព្វផ្សាយសេចក្ដីណែនាំលេខ០០១សណន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ទាំង០៥ នាយប៉ុស្ដី៍នគរបាលសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំខាងលើនេះ លោកអភិបាលខណ្ឌ បានមានដាក់ផែនការដល់អធិការនគរបាលខណ្ឌ រដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥ ត្រូវចុះត្រួតពិនិត្យនៅទីតាំងជួសជុល និងកែច្នៃម៉ូតូនៅមូលដ្ឋានខណ្ឌចំការមន ដើម្បីធ្វើកិច្ចសន្យាអោយអនុវត្តតាមសេចក្ដីណែនាំលេខ០០១សណន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យម៉ូតូតែធ្វើចរាចរណ៍នៅលើតាមដងផ្លូវ ដែលមានកំពង់ស៊ីម៉ាំងលឺខ្លាំង ខុសពីលក្ខណៈបច្ចេកទេស។
ជាមួយគ្នាផងដែរ ចំពោះបញ្ហាសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌចំការមន លោកអភិបាលខណ្ឌ បានអោយរដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥ ត្រូវចុះត្រួតពិនិត្យ និងចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាននីមួយៗ អោយបានល្អបន្ថែមទៀត ដើម្បីកុំអោយមានលក់ដូររំលោភយកចំណីផ្លូវសាធារណៈ យកចំណីផ្លូវសាធារណៈធ្វើជាចំណតម៉ូតូរថយន្ត ជាពិសេសយ៉ាបដែលលយមកលើផ្លូវសាធារណៈ។
លោកអភិបាលខណ្ឌ បានថ្លែងអំណរគុណដល់កម្លាំងនគរបាលរបស់អធិការនគរបាលខណ្ឌ រដ្ឋបាលសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង ០៥ ដែលខិតខំចូលរួមថែរក្សាសណ្ដាប់ធ្នាប់អោយបានល្អនៅក្នុងមូលដ្ឋាននីមួយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។