ពិភពលោក​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ជិត​១០០​លាន​នាក់ ស្លាប់​ជាង​២​លាន​នាក់​

​នៅលើ​ពិភពលោក​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ជិត​១០០​លាន​នាក់​ហើយ ចំណែក​អ្នកស្លាប់ ក៏បាន​កើនឡើង​ខ្ពស់ ផងដែរ​។ ការចាក់​វ៉ាក់សាំង ក៏បាន​ធ្វើឡើង​នៅ​ប្រទេស​ជាច្រើន ជុំវិញ​ពិភពលោក​ដើម្បី​ទប់ស្កាត់​ការឆ្លង ។ មិនតែប៉ុណ្ណោះ វ៉ា​ក់​សាំ​កូ​វីដ ១៩ ត្រូវបាន​លក់​នៅលើ​ទីផ្សារ​ង​ងិ​ត​ជាច្រើន ក្នុងតម្លៃ​ខ្ពស់​។​ ​គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៩៩,៧៥៥,៧២១​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,១៣៨,៣៤៣​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៧១,៧២៦,៤៦៧​នាក់​។​

​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ២៥, ៧០២,១២៥​នាក់ ស្លាប់​ចំនួន ៤២៩,៤៩០​នាក់ និង​ជាសះស្បើយ​ចំនួន ១៥,៤០៩,៦៣៩​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា​មាន​អ្នក​ឆ្លង ១០,៦៦៨,៣៥៦​នាក់ ស្លាប់​ចំនួន ១៥៣,៥០៣​នាក់ និង​ជាសះស្បើយ ១០,៣២៨,៧៣៨​នាក់​។ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ៨,៨៤៤,៦០០​នាក់ ស្លាប់ ២១៧,០៨១​នាក់ និង​ជាសះស្បើយ ៧,៦៥៣,៧៧០​នាក់​។​

​នៅពេល​នេះដែរ​ប្រទេស​ហ្វីលីពីន ត្រូវបាន​គេ​រកឃើញ​មាន​ទីផ្សារ​ង​ងិ​ត​លក់​វ៉ាក់សាំង​ជាច្រើន ក្នុងតម្លៃ​ខ្ពស់ ពី​២០០-៣០០​សម្រាប់​ពីរ​ដូ​ស​។ បើទោះបី​រដ្ឋាភិបាល​ហ្វុ​ី​លី​ពី​ន មិនទាន់​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វិដ​-១៩​ក្តី ក៏ប៉ុន្តែ វ៉ាក់សាំង​នាំចូល​ពី​ចិន​បាន​លក់​នៅលើ​ទីផ្សារងងឹត​ជាច្រើន​ក្នុងប្រទេស​នេះ​។​

​ហ្វីលីពីន​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ កើនឡើង​ជាង​កន្លះ​លាន​នាក់ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​ការយឺតយ៉ាវ​ក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង ។ ប៉ុន្តែ​ពលរដ្ឋ​ហ្វុ​ី​លី​ពី​ន​ជាច្រើន​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ទាំង​ម្ជុល​ទីមួយ​និង​ទី​ពីរ ហើយ​វ៉ាក់សាំង​នោះ​នាំចូល​ពី​ប្រទេស​ចិន​លក់​នៅលើ​ទីផ្សារងងឹត​។ ហ្វុ​ី​លី​ពី​ន​មាន​ពលរដ្ឋ​ចិន រស់នៅ​ជាច្រើន ហើយ​ពលរដ្ឋ​ចិន​បាន​ទិញ​វ៉ាក់សាំង​ផលិត​ក្នុងប្រទេស​ចិន​មកចាក់​បង្ការ​។​

​នាង​Jesse ស្ត្រី​ហ្វុ​ី​លី​ពី​ន​ធ្វើការ​នៅ​ក្រុមហ៊ុន​កាស៊ីណូ បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពី​ចុងខែ​ធ្នូ នាង​ទទួលបាន​សារ​ពី​មិត្តភក្តិ​ស្តីពី​មិត្ត​រួមការ​ងារ​ជា​ជន​ជាតិចិន​ចាក់​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​។ អ្នក​ដែល​បាន​ចាក់​រួច​គឺ​ត្រូវ​ពាក់​អាវដៃវែង​ដើម្បី​បិទបាំង​កន្លែង​ចាក់ ហើយ​ត្រូវ​រក្សា​ការសម្ងាត់ មិនត្រូវ​និយាយប្រាប់​បុគ្គលិក​ផ្សេង​ទៀតឡើយ​។​

​មកទល់ពេលនេះ​រដ្ឋាភិបាល​ហ្វុ​ី​លី​ពី​ន​នៅ​មិនទាន់​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នៅឡើយ​ទេ ។ តាម​គម្រោង​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​២០២១​ទើប​អនុម័ត ក្រោយ​ទទួលបាន​វ៉ាក់សាំង​ជា​ផ្លូវការ​ដំបូង​ពី​ប្រទេស​ចិន​។​

​ការ​នាំចូល​វ៉ាក់សាំង និង​ចាក់​វ៉ាក់សាំង​ដែល​មិនទាន់​អនុញ្ញាត​គឺជា​រឿង​ខុសច្បាប់ ប៉ុន្តែ​ដោយសារ​តម្រូវការ​រប​ស់ព​លករ​អ្នកធ្វើការ​មកពី​ប្រទេស​ចិន​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ចិន ទើប​មាន​ទីផ្សារ​វ៉ាក់សាំង​ងងឹត​លក់​នៅលើ​ទីផ្សារ​ជាច្រើន​។ វ៉ាក់សាំង​ដែល​លក់​នៅលើ​ទីផ្សារងងឹត​មានតម្លៃ​ចាប់ពី​២០០-៣០០ ដុល្លារ​សម្រាប់​ពីរ​ដូ​ស គឺ​ខ្ពស់ជាង​១០​ដង​ពី​តម្លៃ​ដើម​ដែល​មានតែ​៣០ ដុល្លារ​ប៉ុណ្ណោះ ។​

​លោកស្រី​Teresita Ang-See ប្រធាន​ក្រុម​ដំណើរការ​សន្តិភាព​និង​សណ្តាប់ធ្នាប់ ជា​អង្គការ​តាមដាន​បទល្មើស​បាន​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​ចិន​រស់នៅ​ហ្វុ​ី​លី​ពី​ន​ប្រមាណ​១​សែន​នាក់​បាន​ចាក់​វ៉ាក់សាំង រួចរាល់ ទាំង​លើកទីមួយ​និង​ទី​ពីរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close