ឯកឧត្ដម ប៉ាន សូរស័ក្តិ៖ កម្ពុជា មានកំណើនជាមធ្យម៧% ជារៀងរាល់ឆ្នាំ ក្នុងនោះវិស័យពាណិជ្ជកម្ម
ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
ឆ្លៀក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផល និងស្នាដៃជាច្រើនដែលមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ សម្រេចបានកន្លងមកគួរជាទីមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្ត។
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម ៧% ជារៀងរាល់ឆ្នាំ ក្នុងនោះវិស័យពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ចនេះ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តថា ក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរ ទាំងការងារផ្តល់សេវាសាធារណៈ និងការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារ។ ជាក់ស្ដែងការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាបណ្ណនាំចេញ នាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល ០៣ថ្ងៃប៉ុណ្ណោះ។
ក្រសួងពាណិជ្ជកម្ម ក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់” ជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី” កំពង់ឆ្នាំង។
ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយនោះដែរ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ ក៏បានដំណើរការយ៉ាងរលូនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។