ប្រទេសនូវែលសេឡង់ថ្លែងពីការបោះឆ្នោតខាងមុខមិនស្របច្បាប់នៅកម្ពុជា
កម្ពុជា-នូវែលសេឡង់ ៖ នៅក្នុងកិច្ចប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលកំពុងដំណើរការពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តំណាងប្រទេសនូវែលសេឡង់ បានរិះគន់ខ្លាំងៗ ចំពោះចំណាត់ការរដ្ឋាភិបាលកម្ពុជាមួយរយៈចុងក្រោយនេះ ដូចជា ការរឹតត្បិតសិទ្ធិបញ្ចេញមតិ និងសារព័ត៌មាន ការំលាយគណបក្សសង្គ្រោះជាតិ ការចាប់លោក កឹម សុខា ជាដេីម។
លោក Jarrod Clyne តំណាងប្រទេសនូវែលសេឡង់ បានអះអាងថា “ការបោះឆ្នោត នៅកម្ពុជា មិនអាចចាត់ទុកថាមានភាពត្រឹមត្រូវ សេរី និងស្របច្បាប់នោះទេ ដោយសារតែមិនអនុញ្ញាតឲ្យបក្សប្រឆាំងចូលរួម”។ ទន្ទឹមនឹងនោះ តំណាងប្រទេសនូវែលសេឡង់រូបនេះ ក៏បានស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ដកចំណាត់ការទាំងនេះចេញវិញ ដោយឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពដូចមុន និងដោះលែងលោក កឹម សុខា ព្រមទាំងបញ្ឈប់ការធ្វើទុកបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយ។
ជាចុងក្រោយ លោក Jarrod Clyne បានបន្ថែមថា “យើងជំរុញឲ្យសហគមន៍អន្តរជាតិ និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ ចូលរួមឃ្លាំមើលស្ថានការណ៍នៅកម្ពុជា ទាំងមុន និងក្រោយការបោះឆ្នោត”។
ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរសារក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមរបស់លោកថា “ប្រទេសនូវែលសេឡង់ គួរគោរពនិងអនុវត្តធម្មនុញ្ញនៃអង្គការសហប្រជាតិ និងគោរពឯករាជ្យនិងអធិបតេយ្យភាពកម្ពុជា ហើយចាត់ទុកកម្ពុជាមិត្តរបស់ខ្លួន។ ចំណាត់ការផ្លូវច្បាប់ លើអតីតបក្សប្រឆាំង គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា”។
សូមជម្រាបជូនថា ការបោះឆ្នោតនីតិកាលទី៦នៅកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សចំនួន២០ នឹងចូលរួមប្រកួតប្រជែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។