ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចការសាងសង់ជាង ៤០%ហើយ គិតត្រឹមខែធ្នូ ឆ្នាំ២០២០
ការចុះពិនិត្យផ្លូវជាតិលេខ១០ ដើម្បីធ្វើឱ្យមានគុណភាពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជាប្រយោជន៍ក្នុងការដឹកជញ្ជូនឆ្លងកាត់ និងរក្សាអេកូទេសចរណ៍ធម្មជាតិតំបន់ កាលពីចុងសប្តាហ៍កន្លងទៅថ្មីនេះ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេស ចុះត្រួតពិនិត្យផ្លូវជាតិលេខ១០ ដោយមានការសហការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។
ការចុះពិនិត្យផ្លូវជាតិលេខ១០ ដែលមានប្រវែង ១៩៧,៣៦៣គីឡូម៉ែត្រ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង គឺក្នុងគោលបំណងតាមដានវឌ្ឍនភាពសាងសង់ ជាលទ្ធផលអនុវត្តបាន ៤៣,៧៥ % ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២០ និងដើម្បីធានាបានគុណភាព ក្នុងការអនុវត្តស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រសិទ្ធភាពកិច្ចការងារត្រូវតាមផែនការ ដោយត្រូវធ្វើបែបណាក្លាយជាផ្លូវដែលផ្តល់អត្ថប្រយោជន៍ក្នុងការដឹកជញ្ជូនឆ្លងកាត់ និងរក្សាអេកូទេសចរណ៍ធម្មជាតិតំបន់ ជាកត្តាអាចទាក់ទាញភ្ញៀវអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តអាចគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។
ចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំឭកដល់ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។