លើកដំបូង​លោក​ត្រាំ ចេញ​សេចក្តីប្រកាស​ចាប់តាំងពី​ទៅកាន់ Florida

​អតីត​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ ត្រាំ បានប្រកាស​បើក​ការិយាល័យ​នៅ Florida ដើ​ម្បីទទួល​និង​ឆ្លើយតប​ទៅលើ​លិខិត ក្នុងនាម​ជា​អតីត​ប្រធានាធិបតី​អាមេរិក​។​

​នៅ​ថ្ងៃទី ២៥​ខែមករា លោក ដូ​ណា​ល់ ត្រាំ បាន​បើក​ការិយាល័យ​មួយ ដែល​នឹង​ទទួលបន្ទុក​ចាត់ចែង​កាតព្វកិច្ច​របស់លោក ក្នុងនាម​ជា​អតីត​ប្រ​ធានា​ធីប​តី​អាមេរិក​ម្នាក់ ព្រមទាំង​បន្ត​ជំរុញ​គោលដៅ​នៃ​អតីត​រដ្ឋបាល​របស់លោក​។ ការិយាល័យ​ខាងលើ​នឹងមាន​តួនាទី រៀបចំ​កិច្ច​ការសំខាន់​មួយចំនួន​ដូចជា ការទំនាក់ទំនង​, សេចក្តីថ្លែងការណ៍​, ការបង្ហាញ​វត្តមាន​, និង​សកម្មភាព​ផ្លូវការ​នានា​របស់លោក ដូ​ណា​ល់ ត្រាំ ក្រោម​គោលដៅ​ជំរុញ​ក៏ដូចជា​បន្ត​លើកកម្ពស់ ផលប្រយោជន៍​ជាតិ​អាមេរិក ព្រមទាំង​បន្ត​នូវ​គោលដៅ​នៃ​អតីត​រដ្ឋបាល​របស់លោក តាមរយៈ​ការចូលរួម​សកម្មភាព​ផ្សេងៗ​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ចាកចេញ​ពី​សេត​វិមាន​កាលពី​ថ្ងៃទី​២០ ខែមករា មក លោក ដូ​ណា​ល់ ត្រាំ ពុំទាន់​បានបង្ហាញ​វត្តមាន​ជា​សាធារណៈ​ម្តង​ឡើយ​។ ថ្ងៃ​ចុងក្រោយ​នៃ​អាណត្តិ​របស់លោក លោក ត្រាំ បានធ្វើ​ដំណើរ​ទៅកាន់​រមណីយដ្ឋាន ម៉ា​អា​ឡា​ហ្គោ (Mar-a-Lago) របស់លោក ដែល​ស្ថិតក្នុង​ទីក្រុង ផាម​ប៊ិច (Palm Beach) នៃ​រដ្ឋ​ផ្លូ​រី​ដា ដោយ​មិនបាន​ចូលរួម​ពី​ធី​ស្បថ​កាន់តំណែង​របស់លោក ចូ បៃ​ដិ​ន នោះទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close