ករណីឃាតកម្ម! សមត្ថកិច្ច បង្ហាញមុខជនសង្ស័យ ករណីរំលោភសម្លាប់នារីម្នាក់ យ៉ាងព្រៃផ្សៃ នៅស្រុកកោះកុង
ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ចខេត្តកោះកុង បានបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសម្លាប់នារីម្នាក់យ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចចំណោទដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
បើតាមការសមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យឈ្មោះ អ៊ូ អារីហ្វីន ហៅហ៊ីម សាអាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរជាកម្មកររោងចក្រKKN1 រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ រីឯជនរងគ្រោះឈ្មោះ ឆេង សាវី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រKKN4។
សមត្ថកិច្ច បន្តថា មុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូឌុបជនរងគ្រោះ ទៅស្រុកកំណើតភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ លុះដល់ចំណុចកើតហេតុ ជនសង្ស័យបាននាំជនរងគ្រោះទៅចំណុចកញ្ចុះ រួចបានធ្វើសកម្មភាព និងច្របាច់(ក) ជនរងគ្រោះរហូតដល់ស្លាប់ រួចយកអាវរិត(ក)អូសទម្លាក់ចោលក្នុងព្រៃ ហើយជិះម៉ូតូត្រឡប់មកផ្ទះវិញ។
រហូតដល់រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ទើបសមត្ថកិច្ចឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការសាកសួរ និងអនុវត្តទៅតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។