នគរបាលខេត្តកំពង់ធំបំបែកសំណុំរឿងដោយជោគជ័យករណីប្តីសម្លាប់ប្រពន្ធយកទៅកប់
កំពង់ធំ ៖ កងកម្លាំងនគរបាលខេត្តកំពង់ធំ បានប្រើវិធានការជំនាញ ស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់នៅកន្លែងកើតហេតុបន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ នៅតំបន់អូកូត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានការបាត់មនុស្ស ឈ្មោះ ធា ភេទស្រី អាយុ៣៨ឆ្នាំ ជាលទ្ធផលបានរកឃើញសាកសពកប់ក្នុងដីមានសភាពហើមស្អុយ រលួយទៅហើយ។
យោងតាមការត្រួតពិនិត្យ វិភាគ ទៅលើស្លាកស្នាមសពជនរងគ្រោះ ដោយម៉ត់ចត់ និងយកចិត្ត ទុកដាក់ពីកងកម្លាំង នគរបាលជំនាញ បានកំណត់មុខ សញ្ញាជនសង្ស័យដែលប្រព្រឹត្តិបទល្មើស។ ជនសង្ស័យត្រូវជាប្តី សម្លាប់ប្រពន្ធដោយរឹតក និងខ្សែអង្រឹង រួចយកទៅកប់ នៅក្រោយចំការ(មូលហេតុ ដោយមានការឈ្លោះប្រកែកគ្នា)។
យោងតាមអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាផ្ទាល់ដល់លោកវរសេនីយ៍ឯក ទិត្យ សំណាង ស្នងការរង ផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាលជំនាញ សហការជាមួយកងកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អន លឹក ភេទប្រុស អាយុ៥៣ឆ្នាំ (ត្រូវជាប្តីជនរងគ្រោះ) នៅចំណុចក្នុងចំការស្វាយចាន់ទី តំបន់អូកូត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
បច្ចុប្បន្នជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។