បំបែកសំណុំរឿងឃាតកម្ម បាញ់សម្លាប់ជនជាតិចិនដូចគ្នា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ កម្លាំងស្នងការនគបាលខេត្តព្រះសីហនុ ចុះប្រតិបត្តិការរយៈពេល ១០ម៉ោង បានស្រាវជ្រាវចាប់ជនសង្ស័យចំនួន ៣នាក់ និងបក្ខពួកសេសសល់មួយចំនួនទៀត ក្នុងករណីឃាតកម្ម បាញ់សម្លាប់ជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ថា ជនសង្ស័យម្នាក់ និងគូកន ត្រូវបានកម្លាំងនគរបាលជំនាញចាប់ខ្លួន ដោយដកហូតរថយន្ត១គ្រឿង និងគ្រឿងញៀនមួយចំនួនទៀត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ រីឯជនរងគ្រោះឈ្មោះ ផេង ស៊ូ ភេទប្រុស ជនជាតិចិន អាយុ២៨ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់មួយគ្រាប់ ចំលើដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗ ក្នុងរថយន្ត។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិន នៅចំណុចនៅក្នុងមុខកាស៊ីណូ ជីយវនីសិន តាមបណ្តោយផ្លូវសណ្ឋារគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ក្រុង-ខេត្តព្រះសីហនុ។ ឃាតកម្មនេះបង្កឡើង ដោយជនល្មើសមិនស្គាល់អត្តសញ្ញាណជិះរថយន្ត២គ្រឿង។ ក្នុងនោះជនល្មើសជិះរថយន្តម៉ាក Ford Raptors ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-1413 បានធ្វើសកម្មភាពបើកដេញតាមរថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ផ្លាកលេខ 2AL-9459 (រថយន្តជនរងគ្រោះ)។ ក្រោយមកជនល្មើស បានបើករថយន្តទៅអែបនឹងរថយន្តរបស់ជនរងគ្រោះ រួចបានបាញ់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។