ស្រះបុរាណតាលី ដែលព្រះបរមរតន:កោដ្ឋព្រះរាជទានមេដាយ ត្រូវគេចាក់ដីលុបបំបាត់រូបរាង

(បាត់ដំបង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងបានថ្លែងថា រយ:ពេលជិត ១ឆ្នាំហើយដែលពួគគាត់បានឃើញក្រុមហ៊ុនឯកជនលក់ដីឡូត៍ ផ្ទះល្វែងចាក់អាចម៍ដីលុបស្រះបុរាណតាលី ដែលជា​អាងស្តុកទឹកដ៏​សំខាន់របស់ពួកគាត់។

ស្រះតាលីនេះ បើតាម​អ្នកដឹងរឿងរ៉ាវថា ដំបូង​គឺមានដង្ខៅម្នាក់ឈ្មោះ លី ដោយសារលោកមានទ្រព្យសម្បត្តិស្តុកស្តំ និងភាពរីកលូតលាស់ផ្នែកការងារកសិកម្មដីស្រែរាប់រយហិកតា និងជីកស្រះ ផ្តល់អំណោយមនុស្សធម៌ផងដែរជួយដល់បងប្អូនប្រជាកសិករបានប្រើប្រាស់ក្នុងទសវត្សទីជាង ៦០ ត្រូវបានព្រះករុណាព្រះបាទសម្តច ព្រះនរោត្តម សី ហនុ ព្រះបរមរតន:កោដ្ឋ បានយាងដល់មូលដ្ឋានផ្ទាល់ព្រះរាជទានផ្តល់មេដៃកិត្តិយសលើកទឹកចិត្តដល់ដង្ខៅ លី ដែលសកម្មផ្នែកការងារមនុស្សធម៌ជួយដល់សង្គមនាសម័យនោះ។

បើតាម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ថា តាំងពីកើតមកដឹងក្តីមក គឺពួកគេ​តែង​ឃើញស្រះបុរាណនេះតែម្តង តែមិនបានដឹងច្បាស់ពីប្រវត្តិទេគ្រាន់តែដឹងថាស្រះនោះពីដើមមានទឹកច្រើន និងជ្រៅផុតក្បាល តែក្រោយមកគោករាក់បន្តិចម្តងៗ។

ប៉ុន្តែ​ឥឡូវ​នេះ ស្រាប់តែពួកគាត់​ឃើញក្រុមហ៊ុនចូលមកចាក់លុបស្រះនេះតែម្តង ហើយ​ក្រោយ​មក​ក៏​បាន​ផ្អាកដំណើរមួយរយ: មុននឹងបន្តចាក់ដីលុបបំបាត់ដានទាល់តែបាត់រូបរាង។

លោក ឈុន លៀង ប្រធានក្រុមហ៊ុនអចលនវត្ថុដែលបានចាក់លុបផ្ទៃស្រះ តាលីបានលើកឡើងថា ទីតាំងខាងលើបានគោករាក់ស្ទើរទាំងស្រុងទៅហើយ លោកបានសួរនាំអាជ្ញាធរដែរមុននឹងសម្រេចចិត្តចាក់លុប។ ជាក់ស្តែងការចាក់លុបចូលផ្ទៃស្រះបុរាណនេះប្រមាណជា ២០ម៉ែត្រប៉ុណ្ណោះម៉្យាងទៀតការរៀបចំនេះក៏ជាអភិវឌ្ឍនៅមូលដ្ឋានដែរ។

ចំណែកលោក ជុំ គឹមសេង មេឃុំនរាបានឲ្យដឹងដែរថា ទីតាំងខាងលើមិនមានស្រះទេមានតែប្រឡាយ ហើយប្លង់ម្ចាស់ដីដំបូងដែលមានព្រំជាប់គ្នាក៏មិនមានស្រះបុរាណដែរ ម៉្យាងទៀតចំណុចខាងលើកាលពីដើមមានផ្លូវមានទំហំតូច តែដល់បច្ចុប្បន្នផ្លូវខេត្តពង្រីកដល់ ៤០ម៉ែត្រដូចនេះបានស៊ីចំណែកតួស្រះមិនមានទៀតទេ។

រីឯលោក សុខ ហឿន អភិបាលស្រុកសង្កែ បានបញ្ជាក់ជុំវិញបញ្ហានេះថា លោកមិនបានស្គាល់ស្រះបុរាណរបស់លោកតា លីនោះទេចង់ដឹងច្បាស់ទៅសួរនាំទៅលោកមេឃុំទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close