ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលតវ៉ាជាថ្មីប្រឆាំងក្រុមហ៊ុន ហេង អភិវឌ្ឍន៍
កណ្ដាល ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋចំនួន២៩២គ្រួសារ ផ្ទុះការតវ៉ាសារជាថ្មី ប្រឆាំងក្រុមហ៊ុនហេង អភិវឌ្ឍន៍ របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង ហើយបានសុំការអន្តរាគមន៍ពីលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយពួកគាត់មកជាមួយបដា និង ការប្រកាសស្រែកសុំយុត្តិធម៌ ពិតប្រាកដសម្រាប់ពួកគាត់។
ក្រុមប្រជាពលរដ្ឋមានចំនួនជាង១០០នាក់ទាំងនោះ បានមកជួបជុំគ្នានៅក្បែរក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ដើម្បីស្នើសុំដល់លោក ជា សុផារ៉ា រកយុត្តិធម៌ពិតប្រាកដជូនពួកគាត់ ខណៈពួកគាត់ អះអាងថា ដីចំនួន៤៥០ហិកតានៃប្រជាជនសរុប២៩២គ្រួសារ ត្រូវបានក្រុមហ៊ុន ហេង អភិវឌ្ឍន៍រំលោភយកនិង ថែមទាំងបានបាញ់ពលរដ្ឋឱ្យរបួសថែមទៀតផង។
តំណាងប្រជាពលរដ្ឋគឺ លោក អីុ វណ្ណា និង លោក សែន សកុណា បាននិយាយថា ពួកគាត់មកស្នើសុំការអន្តរាគមន៍នេះ មិនមែនជាលើកទី១ ទេ គឺលើកទី៤ហើយ ។ ប៉ុន្តែមិនដែលទទួលបានពន្លឺយុត្តិធម៌ទាល់តែសោះ ហើយការមកស្នើសុំរបស់ពួកគាត់នាពេលនេះ គឺ មិនមែនក្នុងន័យនយោបាយ ជិតបោះឆ្នោត មកកូរ និង រុញស្ថានការណ៍ឱ្យរញ៉េរញ៉ៃនោះទេ ពោលគឺពួកគាត់សុទ្ធតែជាអ្នកគាំទ្រសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ ។
ដីរបស់ក្រុមប្រជាពលរដ្ឋដែលមានបញ្ហានោះ ស្ថិតនៅ៣តំបន់គឺ
ទី១៖ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ទី២៖ភូមិអំពៅព្រៃ ឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ទី៣៖ភូមិទួលតាម៉ក់ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជាចុងក្រោយក្រុមប្រជាពលរដ្ឋបានរំលឹកថា នៅឆ្នាំ២០០៤ ស្រាប់តែក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មកប្ដឹងពួកគាត់ថា បានកាន់កាប់ដីរបស់ក្រុមហ៊ុនដោយខុសច្បាប់ តែតុលាការខេត្តកណ្ដាល កាត់ក្ដីឱ្យពលរដ្ឋឈ្នះក្ដីនេះ នៅឆ្នាំ២០០៦ ដោយពួកគាត់បញ្ជាក់ថា ពួកគាត់មកអាស្រ័យផលលើដីនេះ តាំងពីឆ្នាំ១៩៨៧ មកម៉្លេះហើយក្រោយមកមានកំណើនសរុប២៩២គ្រួសារ គឺ នៅឆ្នាំ១៩៩៣ ។ តែរយៈពេលជិតមួយឆ្នាំបន្ទាប់មក ស្រាប់តែមានលិខិតមកបញ្ជាក់ជាថ្មីថា ដីនេះជាកម្មសិទ្ធិរបស់លោកស្រីឧកញ៉ាសៀង ចាន់ហេង ទៅវិញ ។
លុះដល់ឆ្នាំ២០០៩ ក្រុមហ៊ុនបានយកកម្លាំងអាវុធហត្ថប្រដាប់ដោយកាំភ្លើងគ្រប់ដៃ អមជាមួយគ្រឿងចក្រធុនយក្ស បានមកកម្ទេចដំណាំរបស់ពួកគាត់ ភ្លាមៗនោះ ក៏មានការតវ៉ាបានកើតឡើង ភ្លាមនោះដែរ តែស្នូរកាំភ្លើងបាញ់រះតម្រង់មកប្រជាជន បណ្ដាលឱ្យមនុស្សពីរនាក់រងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។