រកឃើញពលករខ្មែរម្នាក់ ឆ្លងកូវីដ១៩ តែមានជាសះស្បើយ ៥នាក់ទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃម្នាក់ ឆ្លងកូវីដ១៩ ខណៈមានអ្នកជាសះស្បើយចំនួន ៥នាក់ទៀត។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០៤ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ចំណែកអ្នកជាសះស្បើយទាំង ៥នាក់នោះ មានពលករខ្មែរ ៤នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក។ ដោយពួកគាត់ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺ៣៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។