ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក ប្រកាសអាសន្ន​ពី​ការវាយប្រហារ​ភេរវកម្ម​

​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​(DHS) បាន​ព្រមាន​ពី​ការវាយប្រហារ​ភេរវកម្ម នៅក្នុង​ទឹកដី​អាមេរិក រហូតដល់​ខែមេសា ដោយសារតែ មាន​ពលរដ្ឋ​ជាច្រើន​មិន​ពេញចិត្ត​និង​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី ។​ ​កាលពី​ថ្ងៃទី​២៨​ខែមករា ប្រព័ន្ធ​ប្រកាសអាសន្ន​ពី​ការវាយប្រហារ​ភេរវកម្ម របស់​ក្រសួង​សន្តិសុខ​ជាតិ បញ្ជាក់​ពី​ក្រុម​ជ្រុលនិយម​អាច​វាយប្រហារ​ទៅលើ​ទីតាំង​រដ្ឋាភិបាល ដោយ​ក្រុម​ជ្រុលនិយម​ប្រឆាំង​លោក ចូ បៃ​ដិ​ន​។​

​ការប្រកាសអាសន្ន​នេះ​គឺជា​ការ​ដាស់តឿន​ថា ក្រុម​ជ្រុលនិយម​អាចធ្វើ​ការវាយប្រហារ ទៅលើ​មន្ត្រី​ជាប់ឆ្នោត និង​អគារ​រដ្ឋាភិបាល​បាន​គ្រប់ពេល ដូច​ទៅនឹង​ការវាយប្រហារ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​០៦ ខែមករា​កន្លងទៅនេះ ទៅលើ​វិមាន​សភា​ដោយ​ក្រុម​អ្នកគាំទ្រ អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​។​

​ការប្រកាសអាសន្ន​ខាង​លើ​នេះ​បានកើត​ឡើង ខណៈ​អាជ្ញាធរ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​ចោទប្រកាន់​ក្រុម​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ និង​ក្រុម​អ្នកដើរ​តាម​កងជីវពល​ស្តាំនិយម ដែលមាន​កាន់កាប់​គ្រាប់បែក​ចំនួន ០៥​គ្រាប់​នោះ​ថា មានបំណង​វាយប្រហារ​ក្រុម​អ្នកប្រជាធិបតេយ្យ​។​

​គួរ​បញ្ជាក់ថា បើតាម​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង នឹង​អំពើ​ភេរវកម្ម​ថ្នាក់ជាតិ ការគំរាមកំហែង និង​ការវាយប្រហារ​អាច​បន្ត​កើតមាន ជាច្រើន​សប្តាហ៍​ទៅមុខទៀត បន្ទាប់ពី​ការស្បថ​ចូលកាន់​តំណែង​របស់លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី​២០ ខែមករា​កន្លងទៅនេះ និង​កំឡុង​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​នៅក្នុង​ព្រឹទ្ធសភា ពីបទ​ញុះញង់​ឲ្យ​មានការ​វាយ​វាយប្រហារ​ដ៏​ហិង្សា ទៅលើ​វិមាន​សភា​កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close