អាជ្ញាធរខណ្ឌចំការមន ចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ២០គ្រួសារ នៅសង្កាត់ទួលទំពូងទី២
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោក ថេង សុថុល អនុសាខាកាកបាទក្រហមខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន។
នាឱកាសនោះផងដែរ ក្នុងនាម ឯកឧត្តម ឃួង ស្រេងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមនក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពាររក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង។ អំណោយដែលទទួលបានក្នុង ១គ្រួសាររួមមាន៖ អង្ករ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ, មី, សាប៊ូ, ម៉ាស , ក្រម៉ា និងថវិកាមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។