រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា លោកស្រី​អង់​សាន ស៊ូ​ជី ត្រូវ​ទាហាន​ចាប់ខ្លួន​

ការចាប់ខ្លួន​ប្រធានាធិបតី​មី​យ៉ាន​ម៉ា និង​មេបក្ស​កាន់អំណាច​គឺ​លោកស្រី អង់​សាន​ស៊ូ​ជី និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប គឺជា​ការធ្វើ​រដ្ឋប្រហារ នៅក្នុង​ប្រទេស​នេះ​ក្រោយ​ការបោះឆ្នោត​មិន​ចុះសម្រុង​និង​គ្នា ហើយ​គណបក្ស​របស់លោក​ស្រី​ស៊ូ​ជី​ទទួលបាន​ជ័យជម្នះ​។ ក្រោយ​ការចាប់ខ្លួន​បណ្តាញ​ទូរទស្សន៍​នៅក្នុង​ប្រទេស​នេះ ក៏​ផ្អាក​ការផ្សាយ​ផងដែរ​។​

​តាម​សារព័ត៌មាន​រ៉​យ​ទ័​រ បណ្តាញ​ទូរទស្សន៍​ជាតិ MRTV មិនអាច​ផ្សាយ​នោះឡើយ​ដោយសារ​បញ្ហា​បច្ចេកទេស នា​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​នេះ​។ ប៉ុន្តែ​ព័ត៌មាន​ស្តីពី​ការចាប់ខ្លួន​ត្រូវបាន​ផ្សព្វផ្សាយ​និង​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងប្រទេស​នេះ ។​

​ការចាប់ខ្លួន​កើតឡើង​ក្រោយពេល​កម្លាំងយោធា​ប្រទេស​នេះ ស្នើ​ឲ្យ​បើក​ការស្រាវជ្រាវ ពាក់ព័ន្ធ​ការបន្លំ​សន្លឹកឆ្នោត ។ ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២០ គណបក្ស​របស់លោក​ស្រី​ស៊ូ​ជី ទទួលបាន​ជ័យជម្នះ ដាច់​ទៅលើ​គណបក្ស​ផ្សេងៗ​។​
​ការទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត របស់​គណបក្សកាន់អំណាច ទទួលរង​ការរិះគន់​យ៉ាងខ្លាំង ពី​គណបក្សប្រឆាំង​និង​ក្រុម​សន្ធិ​មនុស្ស ដោយសារតែ​មិន​អនុញ្ញាត​ឲ្យ​តំបន់​មាន​វិវាទ​ចូលរួម​បោះឆ្នោត ។ គណបក្សប្រឆាំង​បាន​សហការ​ជាមួយ​កម្លាំង​ទាហាន ប្រឆាំង​លទ្ធផល​បោះឆ្នោត​។​

​កម្លាំង​ទាហាន​បានប្រកាសថា បាន​រកឃើញ​សន្លឹកឆ្នោត ខុស​ប្រក្រតី​ដល់​ទៅ​៨,៦​លាន​សន្លឹក ។ អគ្គមេបញ្ជាការ កងទ័ព​មី​យ៉ាន​ម៉ា លោក​Min Aung Hlaing បាន​លើកឡើងថា ការបោះឆ្នោត ខ្វះ​តម្លាភាព មិន​យុត្តិធម៌ ។​ ​អគ្គមេបញ្ជាការ​Min Aung Hlaing ជា​បុគ្គល​ដែលមាន​ឥទ្ធិពល​បំផុត​នៅ​មី​យ៉ាន​ម៉ា ។ នៅពេលដែល​គេ​សួ​ពី​ការធ្វើ​រដ្ឋប្រហារ លោក​មិនបាន​បញ្ជាក់​ឡើយ ប៉ុន្តែ​លោក​និយាយថា​អាច​នឹង​ឈានដល់​ដំណាក់​កាលនោះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close