សម្ដេច ហ៊ុន សែន សំណូមពរឲ្យបក្សនយោបាយទាំងអស់កុំប្រើពាក្យអសុរោះ នៅពេលឃោសនាបោះឆ្នោត
ភ្នុុំពេញ ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចាប់ផ្តើមនៅទូទាំងប្រទេស ពីថ្ងៃទី ៧ ដល់ថ្ងៃទី២៧ខែកក្កដា ខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួម តែមិនមានអតីតគណបក្សសង្គ្រោះជាតិនោះទេ។ យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៨មានរយៈពេល២១ថ្ងៃ ដោយគណបក្សនយោបាយមួយ អាចហែរក្បួនឃោសនាជាទ្រង់ទ្រាយធំនៅក្នុងរាជធានី ខេត្តនីមួយៗ បានតែ៤ដងប៉ុណ្ណោះ។ បើតាមការឲ្យដឹងពី គជប នៅថ្ងៃទី ៧ ខែកក្កដា ខាងមុខ គជប នឹងចាប់ផ្តើមចាក់ផ្សាយកិច្ចពិភាក្សាតុមូលរបស់គណបក្សនយោបាយនីមួយៗរយៈពេល២នាទី នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា។
ទន្ទឹមនឹងនោះ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ កុំឲ្យប្រើប្រាស់ពាក្យពេចន៍អសុរោះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា “ខ្ញុំសូមអំពាវនាវឱ្យគ្រប់គណបក្សនយោបាយនិងបេក្ខជនទាំងអស់ គោរពគ្នាទៅវិញទៅមក កុំប្រើពាក្យអសុរោះ ជេរបញ្ចោរ ហើយត្រូវគោរពសីលធម៍ និងសេចក្តីថ្លៃថ្នូរ”។ លោកបានបន្តទៀតថា “សូមឃោសនាតែអំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបណ្តុះបង្អាប់ គណបក្ស ឬ បេក្ខជន នៃគណបក្សដទៃឡើយ”។
តែយ៉ាងណាក៏ដោយអ្នកតាមដាននយោបាយនៅកម្ពុជា លោក ឯម សុវណ្ណរា បានកត់សំគាល់ថា យុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៦នេះ នឹងមិនជាទីចាប់អារម្មណ៍ដូចអាណត្តិមុនៗនោះទេ ដ្បិតគ្មានគ្មានគណបក្សប្រឆាំងធំជាងគេចូលរួម។ ទោះយ៉ាងណាក៏ដោយ លោក ឯម សុវណ្ណរា បានគាំទ្រចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យយុទ្ធនាការឃោសនាបោះឆ្នោតជាតិនៅពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។