ជលផលកំពង់ធំ ចុះពិនិត្យតាមដានវឌ្ឍនៈភាពការចិញ្ចឹមត្រី របស់កសិករនៅស្រុកសន្ទុក
ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី បានចុះពិនិត្យតាមដាន វឌ្ឍនៈភាព កសិដ្ឋានចិញ្ចឹមត្រីសាច់របស់លោក ប៊ុត សុវណ្ណ ស្ថិតនៅក្នុងភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក។
បច្ចុប្បន្នកសិដ្ឋានលោក ប៊ុត សុវណ្ណ មានស្រះចំនួន១៣ស្រះ លើផ្ទៃដី៥ហិកតា និងត្រៀមពង្រីកដោយជីកស្រះបន្ថែមលើផ្ទៃដី២ហិកតាបន្ថែមទៀត ។ ឥលូវនេះក្នុងកសិដ្ឋានរបស់លោកមានត្រីបីប្រភេទគឺ
១,ត្រីប្រាចំនួន ៧ម៉ឺនកូន អាចប្រមូលផលក្នុងខែមិនា និងខែកញ្ញាទិន្នផលប៉ាន់ប្រមាណសរុប ៤០តោន
២,ត្រីពោចំនួន៣ម៉ឺនកូនអាចប្រមូលផលក្នុងខែកញ្ញា ទិន្នផលប៉ាន់ប្រមាណសរុប១៥តោន
៣,ត្រីឆ្ដោចំនួន ៣ម៉ឺនកូនអាចប្រមូលផលក្នុងខែមិនា ទិន្នផលប៉ាន់ប្រមាណសរុប២០តោន ។
ក្នុងឆ្នាំ២០២០កន្លងមកនេះ កសិដ្ឋានរបស់លោកអាចផលិតត្រីសាច់បានចំនួនសរុប ៩០ តោនមានប្រភេទត្រីប្រា ត្រីពោ ត្រីអណ្ដែងនិងត្រីឆ្ដោ ។ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំ ពាក់ព័ន្ធនឹងការលើកកម្ពស់ផលិតផលក្នុងស្រុក ដោយបានផ្អាកការនាំចូលនូវប្រភេទត្រីមួយចំនួនទៀតនោះ លោកក៏បានរៀបចំផែនការសម្រាប់ឆ្នាំ២០២១-ឆ្នាំ២០២២ខាងមុខនេះ ដោយលោកនឹងពង្រីកការផលិតត្រីសាច់មានត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្ដោយ៉ាងហោចណាស់អោយបាន២០០តោន/ឆ្នាំ ដើម្បីផ្គត់ផ្គងតម្រូវការទីផ្សារក្នុងស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។