សម្ដេច ហ៊ុន​​​ សែន សរ​សើរ​​​​ប្រ​​​ទេសជប៉ុន ស្របពេល​ក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្កោះជាតិ​ធ្វើ​បាតុកម្ម​

ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធកំពង់ផែក្រុងព្រះសីហនុ ដែល​ជាកម្ចី​របស់​ជប៉ុន​តម្លៃ​ប្រមាណ​៧៤​លាន​ដុល្លារអាមេរិក លោក​​​ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងលើក​សរសើរ​​ប្រទេស​ជប៉ុន​មិន​ដាច់​ពី​មាត់​ដោយ​​សារ​តែ​​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ ​បាន​ផ្តល់​​ជំនួយ​ច្រើន​ជាង​​គេ​ដល់​​ប្រទេស​​កម្ពុជា​ក្នុង​​ការ​​អភិវឌ្ឍន៍​ដោយ​​មិន​សូវបា​ន​ភ្ជាប់​នឹង​លក្ខខណ្ឌ​នយោបាយ​។ ​ការ​កោត​​សរសើរ​​ប្រទេស​ជប៉ុន​​នៅ​ពេល​នេះ ​​គឺ​ស្រប​ពេល​ដែល​​ក្រុម​អ្នក​គាំទ្រ​អតីត​គណ​បក្ស​ប្រឆាំង​បន្ត​ធ្វើ​បាតុកម្ម​​ស្នើ​ឲ្យ​​ជប៉ុន​​ដក​​ខ្លួន​ថយពី​ការ​​បោះឆ្នោត​​នៅ​កម្ពុជា​។

សម្ដេចបានបញ្ជាក់បន្ថែមទៀតថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានប្រើប្រាស់ហិរញ្ញប្បទានឬប្រាក់កម្ចីរបស់ជប៉ុនអស់ជាង៣០០លានដុល្លារអាមេរិកហើយ សម្រាប់អភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ តាំងពីក្រោយឆ្នាំ១៩៩៨មក។ លើសពីនេះ​ទៀត​ លោក ហ៊ុន សែន ក៏បានជូនពរឲ្យកីឡាករ​ជប៉ុនអាចឆ្លងចូលទៅវគ្គ១៦ក្រុមនៅ World Cup ក្នុងប្រទេស​​​រុស្ស៊ី ដោយចាត់ទុកថា ប្រសិនជាជប៉ុនឈ្នះនោះ គឺជា​មោទនភាពរបស់អាស៊ីទាំងមូល មិនមែនជាមោទនភាពតែជប៉ុនម្នាក់ឯងប៉ុណ្ណោះទេ។

គួកត់សំគាល់ថា ការដែលលោកប្រមុខរដ្ឋា​ភិបាល​ខ្មែរ​សរសើរ​ជប៉ុន​មិនដាច់​ពីមាត់​នៅពេល​នេះ គឺស្រប​ពេល​ក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្កោះជាតិ​ បានធ្វើ​បាតុកម្ម​ចំនួន​៥លើក​មកហើយ ​​រាប់ទាំងនៅលើ​ទឹក​ដីជប៉ុនផ្ទាល់ ដោយ​សុំ​ឲ្យ​ប្រទេសកាន់លទ្ធិ​ប្រជាធិបតេយ្យមួយនេះផ្តាច់ជំនួយដល់​ការ​បោះឆ្នោត​​នៅកម្ពុជា។​ លើសពីនោះពួកគេក៏ស្នើដល់​​​សហគមន៍ជាតិកុំទទួលស្គាល់ការ​បោះឆ្នោត​នៅកម្ពុជា​ថ្ងៃ២៩កក្កដា ដែលគ្មាន​វត្តមាន​អតីត​បក្ស​ប្រឆាំងធំមួយនេះចូលរួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close