ប្រធានាធិបតីអាមេរិក ចូបៃឌិនព្រមានដាក់ទណ្ឌកម្មមីយ៉ានម៉ាក្រោយការធ្វើរដ្ឋប្រហារ
ប្រធានាធិបតីអាមេរិក ចូបៃឌិនបានអំពាវនាវដល់ កម្លាំងទាហានមីយ៉ានម៉ា ដោះលែងអ្នកនយោបាយក្នុងប្រទេសនេះជាបន្ទាន់ ។ ទន្ទឹមនឹងនោះ លោកបៃឌិនបានព្រមានថា នឹងដាក់ទណ្ឌកម្មដឹកជញ្ជូនដល់ប្រទេសនេះ ដែលបានចាប់ខ្លួនលោកស្រីអង់សានស៊ូជី ។
នៅពេលនេះដែរ ធនាគារពិភពលោកនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានលើកឡើងថា ខ្លួនមានការព្រួយបារម្ភជាខ្លាំងអំពីស្ថានការណ៍បច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការឡើងគ្រប់គ្រងអំណាចដោយយោធា ហើយវាកំពុងបង្កការគំរាមកំហែងយ៉ាងធំមួយ ចំពោះការអភិវឌ្ឍប្រទេសអាស៊ានមួយនេះ។
សេចក្តីថ្លែងការណ៍របស់ធនាគារពិភពលោក បានលើកឡើងយ៉ាងដូច្នេះថា «យើងព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជននៅប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងបុគ្គលិក និងដៃគូរបស់យើងផងដែរ ហើយយើងក៏បារម្ភអំពីការកាត់ផ្តាច់ ប្រព័ន្ធទាក់ទងទាំងនៅក្នុងមីយ៉ាន់ម៉ាផ្ទាល់ និងជាមួយពិភពលោកខាងក្រៅផងដែរ»។
ធនាគារពិភពលោកបានសង្កត់ធ្ងន់ថា ខ្លួនគឺជាដៃគូដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រការធ្វើអន្តរកាលរបស់មីយ៉ាន់ម៉ា ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ សម្រាប់មួយទសវត្សរ៍ចុងក្រោយនេះ និងក្នុងកិច្ចប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពប្រសើរឡើងនៃការធ្វើបរិយាប័ន្នសង្គម។ ធនាគារពិភពលោកបានបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាចំពោះគោលដៅទាំងនេះដដែល។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ យោធាមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ហើយអំណាចទាំងអស់ត្រូវបានផ្ទេរឲ្យទៅ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing) ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ០១ឆ្នាំ។ យោធាមីយ៉ាន់ម៉ាបានអះអាងថា ការធ្វើបែបនេះគឺឆ្លើយតបចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការបោះឆ្នោតគ្មានតម្លាភាពកាលពីខែវិច្ឆិកា ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។