​សហភាព​អឺរ៉ុប​សម្រេច ផ្តល់​ជំនួយ ៣,៥លានអឺរ៉ូ ដល់​សាលា​ក្តី​ខ្មែរ​ក្រហម

សហភាពអឺរ៉ុប-កម្ពុជា ៖ សហភាព​អឺរ៉ុប បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​៣,៥លានអឺរ៉ូ ដល់​អង្គ​ជំនុំជម្រះ​វិ​សាមញ្ញ​ក្នុង​​តុលា​ការ​កម្ពុជា (អ.វ.ត.ក) ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​របស់ អ.វ.ត.ក សម្រាប់​ឆ្នាំ​២០១៨។ ក្នុង​នោះ​ទឹក​ប្រាក់​ចំនួន​២,២៥ លានអឺរ៉ូ នឹង​ផ្តល់​ជូន​ភាគី​អន្តរជាតិ និង​១,២៥ លានអឺរ៉ូ នឹង​ផ្តល់​ជូន​ភាគី​ជាតិ។

គួរ​​បញ្ជា​ក់​ថា សហភាព​អឺរ៉ុប​គឺជា​ម្ចាស់​ជំនួយ​ធំ​មួយ​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំៗ​បំផុត​របស់ អ.វ.ត.ក ហើយ​ការ​ផ្តល់​ជំនួយ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ជំនួយ​ហិរញ្ញ​វត្ថុ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្តល់​ដល់ អ.វ.ត.ក មាន​ចំនួន​សរុប ២២,៧០ លានអឺរ៉ូ ចាប់​ពី​សាលា​ក្តី​ខ្មែរ​ក្រហម ចាប់​បដិសន្ធិ​នៅ​ឆ្នាំ ២០០៦មក។

លោក ក្រាញ់ តូនី ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តីទី និង​លោក Knut Rosandhaug អនុ​ប្រធាន​ការិយាល័យ​រដ្ឋបាល អ.វ.ត.ក បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ថា «តាងនាម​ឲ្យ អ.វ.ត.ក លោក​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដ៏​ថ្លៃ​ថ្លា​របស់​សហភាព​អឺរ៉ុប។ ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​នេះ នឹង​រួម​ចំណែក​បន្ត​និរន្តភាព​កិច្ចការ​របស់​សាលា​ក្តី ដើម្បី​សម្រេច​បាន​យុត្តិធម៌​ចំពោះ​អំពើ​ឃោរឃៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close