កូនខ្មែរម្នាក់អាចផលិតកុំព្យូទ័របានត្រៀមលក់នៅខែសីហាខាងមុខនេះ
លោក ធុល រិទ្ធី ជាអ្នកបង្កើតកន្លែងបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកវិទ្យាមួយរូបមានឈ្មោះថា SmallWorld ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១១។ ពេលនេះ SmallWorld កំពុងធ្វើការបោះជំហានធំមួយ តាមរយៈការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួន ដើម្បីជាការលើកទឹកចិត្តដល់អ្នករៀនសរសេរកូដជំនាន់ក្រោយ។
លោកបានរៀបរាប់ថា “កុំព្យូទ័រផលិតដោយកូនខ្មែរដំបូងគេដែលមានរូបរាងស្រដៀងគ្នាទៅនឹង MacBook Air របស់ Apple ដោយនឹងប្រើប្រាស់ Software កូនកាត់ Windows លាយនឹង Software របស់ Apple ដែលងាយស្រួលប្រើសម្រាប់អ្នកប្រើថ្មីៗ ត្រៀមនឹងបញ្ចេញលក់ក្នុងខែសីហាខាងមុខនេះ”។ លោកបន្តទៀតថា “កុំព្យូទ័រដែលខ្លួនផលិតនិងក្រុមការងារផលិតឡើងនេះ បានប្រើម៉ាកសញ្ញាឈ្មោះ Koompi “គម្ពីរ” ដោយគោលដៅគឺលក់ឲ្យសិស្ស-និស្សិតដែលមិនធ្លាប់ប៉ះកុំព្យូទ័រពីមុនមក”។
សូមបញ្ជាក់ថា កុំព្យូទ័រ Koompi ៥០០ គ្រឿងដំបូងនឹងត្រូវដាក់លក់ក្នុងតម្លៃ ៣៦៩ ដុល្លារក្នុងមួយគ្រឿង។ លោក ធុល រិទ្ធី ក៏បានបង្ហាញចក្ខុវិស័យពង្រីកទីផ្សាររបស់ខ្លួនក្នុងឆ្នាំបន្តបន្ទាប់ ដោយបានលើកឡើងពីប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និងមីយ៉ាន់ម៉ាជាដើម។ លោកមានគោលដៅថានឹងអាចរកអតិថិជនថ្មីបាន ៤,៥ លាននាក់នៅត្រឹមឆ្នាំ ២០២១។ វាជាគោលដៅដ៏ធំសម្បើមមួយសម្រាប់ក្រុមការងារដែលមានគ្នាត្រឹម ៥ នាក់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។