រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ ជីវិត​រីករាយ​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ធម្មជាតិ​

​ភ្នំពេញ​៖ នៅក្នុង​ពិធី​ប្រគល់​ជ័យលាភី​ការប្រកួតប្រជែង​វីដេអូ​ស្តីពី​បរិស្ថាន ក្រោម​ប្រធានបទ​«​សម្រស់​ស្រុក​យើង​» កាលពី​រសៀល ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើកឡើងថា នៅពេល​ប្រទេស​កំពុងមាន​សុខសន្តិភាព​ពេញលេញ ជា​ឱកាស​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​របស់​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា នៅពេល​កម្ពុ​ជាមាន​សុខសន្តិភាព​នេះហើយ គឺ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ បាន​យល់​អំពី​សក្តានុពល តម្លៃ និង​សម្រស់​នៃ​ធនធានធម្មជាតិ​របស់​កម្ពុជា និង​មានឱកាស​រីករាយ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​។ ឯកឧត្តម បាន​បង្ហាញថា ការជំរុញ​លើកកម្ពស់​សកម្មភាព​ទេសចរណ៍​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ រួមចំណែក​សំខាន់​ក្នុង​កិច្ចការពារ​អភិរក្ស​ធនធានធម្មជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ផងដែរ​។ ​ឯកឧត្តម សាយ សំ​អាល់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់​របស់​យុវជន​ទាំងអស់​ដែល​បានបង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ទឹកដី ស្រឡាញ់​សន្តិភាព និង​បាន​ចូលរួម​ផ្សព្វផ្សាយ​បរិស្ថាន តាមរយៈ​ការថតរូប និង​ផលិត​វីដេអូ​ស្អាតៗ​ពី​ធម្មជាតិ​ដ៏​ស្រស់បំព្រង​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា ចាប់តាំងពី​ឯកឧត្តម​ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ស​បរិស្ថាន​មក គឺ​នៅ​ឆ្នាំ​២០១៣ មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ ក្នុងនោះ​ការលើកកម្ពស់​ឱ្យមាន​ការចូលរួម​ពី​សាធារណជន គឺជា​រឿង​ចាំបាច់​មួយ​ក្នុង​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។

​ក្នុងឱកាស​នោះ ឯកឧត្តម សាយ សំ​អាល់ បាន​លើកទឹកចិត្ត​ឱ្យ​ក្រុម​ទទួលបាន​ជ័យលាភី​នាពេលនេះ បន្ត​ខិតខំ​ចូលរួម​ផ្សព្វផ្សាយ​បន្ថែមទៀត អំពី​សម្រស់​ធម្មជាតិ​ស្រុក​យើង ដើម្បី​ជួយ​លើកកម្ពស់​លើ​វិស័យ​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​។ ជាមួយគ្នានេះ ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ មិន​ត្រឹមតែ​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​របស់​ប្រជា​សហគមន៍ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំ ការប្រកួត​វីដេអូ​ខ្លី​ស្តីពី​បរិស្ថាន​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​សម្រស់​ស្រុក​យើង​» ចាប់ពី​ខែកញ្ញា ដល់​ខែធ្នូ ឆ្នាំ​២០២០​។ វីដេអូ​ជាច្រើន​រឿង​ទាក់ទង​នឹង​ជីវិត និង​ធម្មជាតិ​បាន​ចូលរួម​ប្រកួត​។ ចុងក្រោយ ក្រសួងបរិស្ថាន​រកឃើញ​អ្នកទទួលបាន​ជ័យលាភី​ឆ្នើម មាន​ចំនួន ១១​ក្រុម​។ ហើយ​ក្រុម ដែល​ទទួល​ជ័យលាភី​លេខ​១ គឺ​ក្រុម​យុវ​និ​នេ​ត្យ ផលិត​វីដេអូ​រឿង «​សុ​បិ​ន្ត​» ក្រុម​ដែល​ទទួលបាន​ជ័យលាភី​លេខ​២ គឺ​ក្រុម លោក សារី ប៉ោ​ស៊ី​ង ផលិត​វីដេអូ​ស្តីពី «​ឋានសួគ៌​ក្រោម​មេឃ​» និង​ក្រុម​ដែល​ទទួលបាន​ជ័យលាភី​លេខ​៣ គឺ​ក្រុម The United Media ផលិត​វីដេអូ​ស្តីពី «I AM CAMBODIA»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close