ផ្លូវ​៣៤​ខ្សែ នៅ​ក្រុងព្រះសីហនុ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម យស់ ឆោម​ណា​រ៉ា​ឌី អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​កសាង​ផ្លូវ ៣៤​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ក្រុមហ៊ុន​អ៊ុត​បេ​ទី​ម ក្រុមហ៊ុន​បំពាក់​កាំ​ម៉េ​រ៉ា​សុ​វត្តិភាព ក្រុមហ៊ុន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ក្រុមហ៊ុន​គូស​គំនូស​ចរាចរណ៍ ក្រុមហ៊ុន​បំពាក់​ភ្លើង​ចរាចរណ៍ និង​ក្រុមហ៊ុន​ដាំ​ដើមឈើ​។

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ បន្ទប់ទឹក​សាធារណៈ អាង​ប្រព្រឹត្ត​កម្ម ការ​អ៊ុត​បេ​ទី​ម ការបំពាក់​អំពូល​បំភ្លឺ​ផ្លូវ បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព ការ​គូស​គំនូរ​ចរាចរណ៍ បំពាក់​ភ្លើង​ចរាចរណ៍ នៅលើ​ដងផ្លូវ​ទាំង ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន​នីមួយៗ​បាន​សន្យា​ព​ន្លឿ​ន​សកម្មភាព​ការងារ​របស់ខ្លួន​ឱ្យ​រួចរាល់​ត្រឹម​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ដោយឡែក​ការងារ​គូស​គំនូស​ចរាចរណ៍​គ្រោង​បញ្ចប់​ការងារ​របស់ខ្លួន​នៅ​ចុងខែ​មីនា​ខាងមុខ ។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​នីមួយៗ​បង្កើន​ការងារ​ឱ្យបាន​ទ្វេដង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការងារ​ដែល​នៅ​សេសសល់​ត្រូវ​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២១​ខាងមុខ ដើម្បី​រៀបចំ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​ខែមេសា ឆ្នាំ​២០២១​។

​ឯកឧត្តម គួច ចំរើន បាន​ថ្លែង​អំណ អរគុណ​ដល់​ក្រុមហ៊ុន​ទាំងអស់​បាន​សន្យា​កែសម្រួល​ពេលវេលា ដោយ​យកចិត្តទុកដាក់​អនុវត្ត​បន្ថែម​ម៉ោង​ការងារ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ម្យ៉ាងទៀត​ក្រុមហ៊ុន​ត្រូវ​សំអាត​សំណល់​ចេញពី​ការដ្ឋាន​រៀងៗ​ខ្លួន​ដែល​នៅ​សេសសល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close