ឯកឧត្តម សាយ សំអាល់៖ សម័យតេជោសន្តិភាព យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថ ក្នុងការរស់នៅ
ភ្នំពេញ៖ សម័យតេជោសន្តិភាព យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថ ក្នុងការរស់នៅព្រោះយើងរស់នៅក្នុងសុខសន្តិភាព និងមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីសុខភាព អនាម័យបរិស្ថាន និងធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាយើងមានបរិស្ថានស្អាត និងពលរដ្ឋមានផាសុកភាព។
នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តព្រៃវែង។
ឯកឧត្តមរដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានគាំទ្រសិក្ខាសាលាដ៏មានសារៈសំខាន់ និងជាពិសេសបានឯកភាពបញ្ចូលលក្ខណៈសម្បត្តិ «មានអនាម័យ សោភ័ណ្ឌភាពនិងបរិស្ថានល្អ» ចូលទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋរួមគ្នាសម្អាតអនាម័យបរិស្ថាន រស់នៅស្អាត និងហូបស្អាតដើម្បីផាសុកភាពក្នុងការរស់នៅនិងទប់ស្កាត់ជំងឺនានាជាពិសេសចូលរួមអនុវត្តវិធានការអនាម័យដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
សូមបញ្ជាក់ថាសិក្ខាសាលាតំបន់ដែលរៀបចំរយេៈពេល ៣ ថ្ងៃនៅខេត្តព្រៃវែងគឺជាសិក្ខាសាលាតំបន់លើកទី៣ ដែលក្រសួងបរិស្ថានបានរៀបចំឡើងដើម្បីផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារក្នុងវិស័យបរិស្ថាន ធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីតំណាងខេត្តព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងកំពង់ចាម។ សិក្ខាសាលាដែលមានការធ្វើបទបង្ហាញពីមន្ត្រីជំនាញក្រសួងបរិស្ថាននិងអង្គភាពពាក់ព័ន្ធនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។