ឆ្នាំ២០២០! អាស៊ាន ទទួលបានទេសចរអន្តរជាតិ ២៦លាននាក់ ធ្លាក់ចុះ៨០.៥% ដោយសារវិបត្តិកូវីដ១៩
ភ្នំពេញ៖ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យតំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ២៦ លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ កន្លងទៅ ពោលគឺមានការធ្លាក់ចុះក្នុងអត្រា ៨០.៥ ភាគរយ។ ស្ថិតិនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននាឱកាសនេះ ត្រូវបានដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានបង្ហាញនូវកង្វល់អំពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លើវិស័យទេសចរណ៍ វិស័យការងារ ពិសេសគឺវិស័យសេដ្ឋកិច្ច។ បន្ថែមពីនេះទៀត រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន ដោយនៅក្នុងឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិធ្វើដំណើរមកកាន់អាស៊ានមានត្រឹមប្រមាណ ២៦ លាននាក់ប៉ុណ្ណោះ ធា្លក់ចុះ ៨០.៥%។
ជាការឆ្លើយតប នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់បានឯកភាពគ្នាអនុម័ត លើសកម្មភាពការងាររស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដំណាក់កាលទី២។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣៣ លាននាក់ កើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។