ឃាត់ខ្លួនអ្នកយកព័ត៌មាន ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ ពីបទឆបោក
កំពង់ធំ៖ អ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាយខ្នោះនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅមុខអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។
ការចាប់ខ្លួនជនជាប់ចោទ លោក ហ៊ាង លីហាក់ អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិកំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយចោទប្រកាន់ ពីបទឆបោក ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប កាលពីខែកក្កដា ឆ្នាំ២០១២បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ប្រភេទទោសតាមអំណាចសាលដីកាតុលាការកំពូល ទោសដាក់ពន្ធនាគារកំណត់១ឆ្នាំ។
ក្រោយការឃាត់ខ្លួនអ្នកយកព័ត៌មានរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ដទៀត។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើអ្នកយកព័ត៌មានរូបនេះ បោកប្រាក់គេប៉ុន្មាននោះទេ រហូតមានពាក្យបណ្តឹង ហើយចាប់ខ្លួនបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។