កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៣​នាក់ ខណៈ​មាន​ជាសះស្បើយ​ម្នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​០៣​នាក់ ខណៈ​អ្នកជំងឺ​ម្នាក់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រសួង បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ទាំង ៣​នាក់ គឺជា​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌា​ចំនួន ២​នាក់ និង​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក​ម្នាក់​។ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​

​ដោយឡែក​អ្នកជា​សះស្បើយ​ម្នាក់ គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​៥៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក ដោយ​គាត់​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩ សរុប​ចំនួន ៤៧០​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៥២​នាក់ និង​អ្នកជំងឺ​១៨​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close