សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបើកឡានបុកគេហើយដកកាំភ្លើងភ្ជង់ទៀត
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៨ លោកវរសេនីយឯក យិន សាន អធិការនគរបាលខណ្ឌចំការមនបានអោយដឹងថា សមត្ថកិច្ចនគរបាលខណ្ឌ បានឃាត់ខ្លនបុរសម្នាក់ឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៤អ៊ឺ ផ្លូវ ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ និងដកអាវុធខ្លី ភ្ជង់គំរាម មកលើសមត្ថកិច្ចនគរបាល កាលពីថ្ងៃទី ២៥ មិថុនា ២០១៨វេលាម៉ោង១៧:១០នាទី នៅចំណុច មុខក្លោងទ្វារវិទ្យាល័យផ្សារដើមថ្កូវខាងត្បូង ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
គេបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើបុរសឈ្មោះ ម៉ៅ ច័ន្ទរស្មី បានបើករថយន្ដរបស់ខ្លួនម៉ាក toyota higlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF9766 បុកគូថរថយន្តមួយគ្រឿងផ្សេងទៀតម៉ាក toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT1914 ដែលបើកបរដោយឈ្មោះ ហ៊ុន សំសែនឧត្តម ភេទប្រុស អាយុ 35 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ដែលបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច តែពេលនោះ ជនសង្ស័យពុំបានចុះពីលើរថយន្តមកដោះស្រាយទេ រួចដេកលក់នៅក្នុងរថយន្ដតែម្ដង។
បន្ទាប់មកក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលចរាចរខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងដោយបានការសំណូមពរពីខាងភាគីម្ខាងទៀត នគរបាលយើង បានគោះ កញ្ចក់ រថយន្ត ជនបង្ក តែពេលនោះស្រាប់តែ ជនបង្ក បានដកអាវុធខ្លីមួយដើមម៉ាកBeretta ពណ៌ទឹកប្រាក់ ភ្ជង់មកលើសមត្ថកិច្ចនគរបាលយើង រួចបើករថយន្តគេចខ្លួនរហូតដល់ផ្លូវ ១៦៣ ក្នុងសង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ តែត្រូវបាននគរបាលយើង ដេញតាមស្ទាក់ឃាត់បាន ជនសង្ស័យរួមនឹងវត្ថុតាងអាវុធខ្លីមួយដើមម៉ាកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។
នៅព្រឹកនេះនគរបាលនឹងបន្តសួរចម្លើយបុរសបង្ករដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។