វ៉ាក់សាំងជំនួយរបស់ចិន ៦០ម៉ឺនដូស នឹងមកដល់កម្ពុជា ជាដំណាក់កាលដំបូង នៅថ្ងៃទី៧ កុម្ភៈ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគេហទំព័រផ្ទាល់របស់សម្តេចផ្ទាល់ បញ្ជាក់ថា វ៉ាក់សាំង ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។
សម្តេច បញ្ជាក់ទៀតថា ម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។
សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន (៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះសម្តេច បានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។
សម្តេច សូមអរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបខ្ញុំនិងគណប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជម្ងឺឆ្លងនិងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។