​កម្ពុជា​គ្រោង​នឹង​សាង​សង់​ចំណតផែកុងតឺន័រ​ទឹក​ជ្រៅ​មួយ​ទៀត​តម្លៃ​ជាង​២រយលាន​ដុល្លារ នៅ​ឆ្នាំ​២០១៩

រដ្ឋ​មន្ត្រី​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​បរិមាណកុងតឺន័រ ឆ្លង​កាត់​កំពង់ផែ នា​ពេល​បច្ចុប្បន្ន និង​នៅ​ពេល​អនាគត កំពង់ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ គ្រោង​នឹង​ពង្រីក​សមត្ថភាព របស់​កំពង់ផែ​បន្ថែម​ទៀត តាម​រយៈការ​កសាង​ចំណត ផែកុងតឺន័រ​ថ្មី​មួយ​ទៀត ដែល​មាន​ជម្រៅ​ទឹក​១៤,៥​ម៉ែត្រ ប្រវែង៣៥០​ម៉ែត្រ។

លោក ស៊ុន ចាន់ថុល ថ្លែង​ថា នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី កាលពី​ខែ​សីហា ឆ្នាំ​២០១៧ នៅ​ប្រទេស​ជប៉ុន កំពង់ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ បាន​ចុះ​ហត្ថ​លេខា លើ​ពិធី​ប្តូរ​សារ និង​កិច្ច​ព្រម​ព្រៀង​ប្រាក់​កម្ចី​សម្បទា​ន រវាង​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន លើ​គម្រោង​សាង​សង់​ចំណតផែកុងតឺន័រ​ទឹក​ជ្រៅ​នេះ ដោយ​គ្រោង​នឹង​សាង​សង់ នៅ​ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ចុង​ឆ្នាំ​២០២២ ឬ​ដើម​ឆ្នាំ​២០២៣ ដែល​មាន​ទឹក​ប្រាក់​សរុប ប្រមាណ​២០៣លាន​ដុល្លារ​អាមេរិក។

លោក ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ដែរ​ថា កំពង់ផែ​ទឹក​ជ្រៅ​នេះ នឹង​ធានា​ដល់​ការ​ចូល​ចត នាវាកុងតឺន័រ​ខ្នាត​ធំ ចំណុះ​៦​ម៉ឺន​តោន រហូត​ដល់​៩៣​ភាគរយ នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី​-ប៉ា​ស៊ី​ហ្វិក នៅ​ដើម​ឆ្នាំ​២០២៣។ ជាង​នេះ​ទៅ​ទៀត កំពង់ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ នឹង​ក្លាយ​ជា កំពង់ផែ​លំដាប់​ថ្នាក់​​កម្រិត​មធ្យម ដោយ​បរិមាណកុងតឺន័រ​ឆ្លង​កាត់ នឹង​មាន​បរិមាណ​លើស​ពី១លានTEUs ក្នុង​មួយ​ឆ្នាំ រីឯ​តម្លៃ​ដឹក​ជញ្ជូន តាម​ផ្លូវ​សមុទ្រ ទៅ​មក​កម្ពុជា នឹង​កាន់​តែ​ចុះ​ទាប​ប្រហាក់​ប្រហែល និង​ថ្លៃ​ដឹក​ជញ្ជូន តាម​សមុទ្រ​នៃ​ប្រទេស​ជិត​ខាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close