ពលកខ្មែរ សម្រុកចេញពីថៃ តាមច្រកព្រំដែនជាប់ខេត្តបាត់ដំបង ដើម្បីចូលឆ្នាំចិន
ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត នៅតាមស្រុកជាប់ព្រំដែន ខណៈពលករបានត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនជាប់ខេត្តបាត់ដំបងកើនឡើងខុសធម្មតា ស្របពេលដែល ក្នុងរដូវនេះ សម្បូរទៅដោយបុណ្យទាន ឬពិធីមង្គលការជាដើមនោះ។
លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឱ្យដឹងថាក្នុងការដោះស្រាយបញ្ហានេះ មានក្រុមហ៊ុនឯកជនមួយ បាន សម្បទានដីរបស់ខ្លួនប្រមាណ២ហិកតា ក្នុងស្រុកកំរៀង ជិតព្រំដែនថៃ ដើម្បីរៀបចំជាទីតាំងធ្វើមណ្ឌលចត្តាឡីស័កបន្ថែម ត្រៀមទទួលពលករដែលទើបត្រឡប់មកពីប្រទេសថៃ ហើយទីតាំងនេះអាជ្ញាធរក៏បានពិនិត្យរួចរាល់ហើយដែរ ។
លោកអភិបាលស្រុក កំរៀងបានឱ្យដឹងថា ពលករឆ្លងដែនពីប្រទេសថៃតាមច្រកជាប់ស្រុកកំរៀងមានជារៀងរាល់ថ្ងៃ ដោយបច្ចុប្បន្នក្នុងស្រុកមានមណ្ឌលចត្តាឡីស័កចំនួន៣ អាចដាក់ពលករបានជាមធ្យម ៦០០នាក់ ខណៈមានអ្នកបញ្ចប់ការធ្វើចត្តាឡីស័កបានចេញជាបណ្ដើរៗ ប៉ុន្តែកំណើនចូលវិញក៏ច្រើន ។
ក្នុងឱកាសចុះពិនិត្យទីតាំងត្រូវរៀបចំធ្វើមណ្ឌលចត្តាឡីស័ក នៅស្រុកកំរៀង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ប្រចាំភូមិភាគទី៤ និងទី៥ បានមានប្រសាសន៍ថា មណ្ឌលចត្តាឡីស័កត្រៀមថ្មីនេះ គឺសម្រាប់នៅពេលមណ្ឌលចត្តាឡីស័កមានស្រាប់ពេញ ត្រូវបញ្ជូនពលករទើបត្រឡប់មកពីថៃ មកកន្លែងថ្មីដែលត្រៀមទុកនេះ។
ឯកឧត្តម បានជំរុញអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែមនេះឱ្យបានល្អ មានទាំងកន្លែងសម្រាក បង្គន់អនាម័យ និងកន្លែងចម្អិនអាហារជាដើមឱ្យបានសមស្រប ពិសេសឱ្យពួកគាត់ អនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ជាមួយគ្នានោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំដល់សមត្ថកិច្ចការពារព្រំដែនទាំងអស់ ត្រូវសហការជាមួយមន្ត្រីសុខាភិបាល បន្តរឹងបន្តឹងក្នុងការពិនិត្យទប់ស្កាត់កុំឲ្យពលករណាម្នាក់ អាចគេចវេសពីការ ពិនិត្យសុខភាព ការយកសំណាក និងការធ្វើចត្តាឡីស័ក គឺមិនអាចលើកលែងក្នុងករណីអ្នកណាម្នាក់បាននោះទេ ។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ ដើមខែកុម្ភៈនេះ ចំនួនពលករឆ្លងដែនពីប្រទេសថៃ ក្នុងអំឡុងមានការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តសាមុតសាខនប្រទេសថៃ បានធ្វើដំណើរតាមច្រកនានាជាប់ខេត្តបាត់ដំបង មានចំនួនលើស ១០០នាក់ និងមានបន្តមកទៀតជាហូរហែរាល់ថ្ងៃ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។