បង្គារ ៦​តោន ចាក់​ចា​ហ៊ួ​យ​នាំចូល​ពី​វៀតណាម ប​ង្រា​ប​បាន​នៅ​ទីតាំង​លក់​គ្រឿង​សមុទ្រ​ម្ដុំ​ត្រឡោកបែក និង​ផ្លូវជាតិ​លេខ​៣

​ភ្នំពេញ​៖ មន្ដ្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ការនាំ​ចូល បង្គា​ក្លាស្សេ​មាន​ចា​ក់ប​ញ្ជូ​ល​ចា​ហ៊ួ​យ​បន្ថែម ដើម្បី​បង្កើន​ទម្ងន់​ដែល​ធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​អាច​ប៉ះពាល់​ដល់​សុខភាព សរុប​ជាង​៦​តោន នៅលើ​រថយន្ដ​២​គ្រឿង កាលពី​យប់​ចុង​សប្តាហ៍​នេះ​។​

​ក្នុង​ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​ការចង្អុលបង្ហាញ​ពី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ និង​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ព្រមទាំង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ផងដែរ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ត​មួយគ្រឿង ស្ទាក់​ចាប់បាន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ម្តុំ​ទំនប់​៧​មករា និង​រថយន្ត​មួយគ្រឿង​ទៀត ត្រូវបាន​ស្ទាក់ចាប់​នៅ​ម្តុំ​ទីតាំង​លក់​គ្រឿង​សមុទ្រ​ត្រឡោកបែក​។ ភ្លាមៗ​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានធ្វើ​តេស្ត​បឋម លើ​បង្គា​ក្លាស្សេ​ដែលមាន​ផ្ទុក ក្នុង​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ នឹង​បាន​រកឃើញ​មានការ​ចាក់​ប​ញ្ជូ​ល​បន្ថែម​ចា​ហ៊ួ​យ​ពិតប្រាកដ​មែន​។​

​តាម​ការអះអាង​ពី​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ទាំង ២​គ្រឿង​នេះ បាន​ឲ្យ​ដឹងថា បង្គា​ក្លាស្សេ សរុប​៣០៧​កេស បរិមាណ​ប្រហែល​៦​តោន​ជាង មាន​ប្រភព​នាំ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក និង​ពុំមាន​ឯកសារ​ភ្ជាប់​មកជា​មួយ​ទេ​។​
​ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រថយន្ត និង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​មន្ដ្រី​ជំនាញ​បាន​អះអាង​ទៀតថា អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត និង​អនុវត្ត​តួនាទី​ភារកិច្ច ដែល​ច្បាប់​បានផ្តល់​អាណត្តិ​ឲ្យ​ពាក់ព័ន្ធ នឹង​គុណភាព សុវត្ថិភាព ទំនិញ និង​សេវា និង​កិច្ចការពារ​អ្នកប្រើប្រាស់ ដើម្បី​ការពារ​សុខភាព និង​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​សូម​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ក្នុងករណី​មានការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និង​សេវា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close