មីយ៉ាន់ម៉ា បើកដំណើការឡើងវិញ សេវាកម្មអ៊ីនធើណិត ខណៈផ្ទុះការតវ៉ាទ្រង់ទ្រាយ់ធំ ប្រឆាំងនឹងរដ្ឋប្រហារយោធា
មីយ៉ាន់ម៉ា៖ នៅថ្ងៃអាទិត្យម្សិលមិញ ប្រព័ន្ធអ៊ិនធើណិតនៅមីយ៉ាន់ម៉ាត្រូវបានស្តារឡើងវិញផ្នែកខ្លះហើយ ចំពេលដែលការបិទគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅទូទាំងប្រទេសបានបរាជ័យ ក្នុងការទប់ស្កាត់កំហឹងសាធារណៈ និងការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលបានទម្លាក់លោកស្រី អ៊ុង សាន ស៊ូជី ។
តាមរយៈបណ្តាញសង្គម Twitter អង្គការ ណេតប្លក់ស៍ ដែលជំនាញខាងតាមដាន ការផ្ដាច់ប្រព័ន្ធអ៊ីនធើណិតនៅជុំវិញពិភពលោក បានបញ្ជាក់នៅថ្ងៃអាទិត្យម្សិលមិញថា ប្រព័ន្ធអ៊ិនធើណិតនៅមីយ៉ាន់ម៉ាបានដំណើការឡើងវិញខ្លះហើយ នៅវេលាម៉ោង២រសៀលថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ខណៈដំណើការនៃបណ្តាញទំនាក់ទំនងសង្គមនៅតែមានកម្រិត ។
សូមជម្រាបថា ក្រោយដណ្តើមអំណាចបាន យោធាមីយ៉ាន់ម៉ាបានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថេរភាពជាតិ ព្រមទាំងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។