ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ ២ខ្នង សម្រាប់យោធាខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ ០២ខ្នង កម្ពស់ ០២ជាន់ នៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តំណាងឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរួមចំនួន ០២ខ្នង សម្រាប់យោធាខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនយោធាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ យើងបានរៀបចំកម្មវិធីសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីដំណើរការសាងសង់អគារស្នាក់នៅរួមរបស់យោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវសំណង់អគារដ៏ថ្លៃថ្លាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ដើម្បីជាប្រយោជន៍សម្រាប់យោធាខេត្តរបស់យើងប្រើប្រាស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិឱ្យបានរឹងមាំ សុខសាន្តប្រកបដោយសន្តិភាពយូរអង្វែងសម្រាប់ជាតិ មាតុភូមិរបស់យើង ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានបន្តថា ការសាងសង់អគារស្នាក់នៅរួមចំនួនពីរខ្នងនេះ មានកម្ពស់ ០២ជាន់ ក្នុងមួយខ្នងមានទទឹង ១០,៥០ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ នៅពេលសាងសង់រួចអគារនេះមានលទ្ធភាពឱ្យយោធារបស់យើងស្នាក់នៅចន្លោះពី ៨០នាក់ ទៅ ១២០នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។