បាត​កម្ម​ទ្រង់ទ្រាយ​ធំ​បំផុត ​មិន​ធ្លាប់​មាននៅ​មី​យ៉ាន​ម៉ា ​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​

​ពលរដ្ឋ​មី​យ៉ាន​ម៉ា រាប់សិប​ពាន់​នាក់​បាននាំគ្នា​ធ្វើបាតុកម្ម ឈានចូល​ថ្ងៃទី​៣ ហើយ​អាច​នឹង​បន្ត ទៅមុខទៀត​ដើម្បី​ប្រឆាំង​ការធ្វើ​រដ្ឋប្រហារ ហើយ​យោធា​ឡើង​ដឹកនាំ​ប្រទេស​។​ ​ក្រុមបាតុករ បាន​ស្រែក​ខ្លាំងៗ ថា​« ដោះលែង​មេដឹកនាំ​របស់​យើង សូម​គោរព​ដល់​សន្លឹកឆ្នោត របស់​យើង ។ ប្រឆាំង​និង​ការធ្វើ​រដ្ឋប្រហារ​។ សង្គ្រោះ​ប្រជាធិបតេយ្យ​…»​។​

​ក្រុមប្រឆាំង​រដ្ឋប្រហារ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ប្រកូក​ប្រកាស​ឲ្យ​មនុស្សម្នា ចូលរួម​ធ្វើបាតុកម្ម​ឲ្យ​កាន់តែ​ច្រើនឡើង នៅ​ថ្ងៃ​ចន្ទ ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មួយ​សប្តាហ៍​ក្រោយ​ទង្វើ​ដែល​អន្តរជាតិ មើលឃើញថា​ជា​រដ្ឋប្រហារ​យោធា បាន​កើតមានឡើង ដើម្បី​ទម្លាក់​រដ្ឋាភិបាល​លោក អោ​ង សាន ស៊ូ​ជី ចេញពី​អំណាច​។​

​ក្រុម​អ្នក​អង្កេត​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​បាន​អះអាងថា បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែល​បាន​ផ្ទុះឡើង នៅ​ប្រទេស​មី​យ៉ាន់​ម៉ា គឺ​ស្ថិតក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​នោះឡើយ គិត​ចាប់តាំងពី​ឆ្នាំ​២០០៧ ដោយ​កាលណោះ​សូម្បីតែ​ព្រះសង្ឃ ក៏បាន​និមន្ត​ចូលរួម​ធ្វើបាតុកម្ម ដើម្បី​ផ្លាស់ប្តូរ​របប​យោធា​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។​

​សកម្មជន​ម្នាក់​ឈ្មោះ អេ ស៊ីន​ហ្សា ម៉​ង (Ei Thinzar Maung) បានធ្វើការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook ដោយ​ប្រើប្រាស់​បណ្តាញ VPN យ៉ាង​ដូច្នេះ​ថា «​សូមអ្នក​តវ៉ា​មកពី​គ្រប់​ជ្រុង​ទាំងអស់ នៃ​ទីក្រុង​រ៉ង់​ហ្គូ​ន ចេញមក​ធ្វើ​ការតវ៉ា​ដោយ​សន្តិវិធី និង​ចូលរួម​ការប្រមូលផ្តុំ​នៃ​ប្រជាជន​យើង​»​។ សម្រាប់​ទីតាំង​ដែល​ត្រូវ​រៀបចំ ការជួបជុំ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ចន្ទ​នេះ មិនទាន់​ត្រូវបាន​បញ្ជាក់​នោះឡើយ​។​

​មកទល់ពេលនេះ មិនទាន់មាន​មន្ត្រី​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​ណា​ម្នាក់ ចេញ​មុខមក​ធ្វើការ​ឆ្លើយតប ចំពោះ​ការធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​អាទិត្យ និង​គម្រោង​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះឡើយ​។ យ៉ាងណាក៏ដោយ រថយន្ត​ដឹក​យោធា​ជាច្រើន​គ្រឿង ត្រូវបាន​គេ​ប្រទះឃើញ​ចល័ត​ចូលទៅក្នុង​ទីក្រុង រ៉ង់​ហ្គូ​ន កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close