គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិ ក្នុងខេត្តព្រះសីហនុ សម្រេចបានជាង ៩៣%ហើយ
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើលវឌ្ឍនភាពនៃការស្តារអូរសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ក្នុងដំណើរបេសកកម្មចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារស្ដារអូរប្រឡាយប្រព័ន្ធចម្រោះទឹកកខ្វក់ និងស្ថានីយបូមទឹក ដែលសាងសង់ដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងក្រុមហ៊ុន BUCG ដោយក្នុងនោះរួមមានបឹងព្រែកទប់ ស្ថានីយបូមអេម៉ារីអូ ស្ថានីយបូមមុខសាលាខេត្ត និងស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុ ជាដើម។
គោលបំណងនៃការស្តារអូរធម្មជាតិសំខាន់ៗទាំងនេះ គឺដើម្បីការពារជំនន់ទឹកភ្លៀងនៅតាមតំបន់ងាយរងគ្រោះក្នុងទីក្រុង ក៏ដូចជារៀបចំកសាងប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឱ្យមានបរិស្ថានស្អាត និងអនាម័យល្អដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកាន់តែច្រើនថែមទៀត។
សូមជម្រាបថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុ ដែលមានផ្ទៃក្រឡាចំនួន១៦ហិកតា ហើយគម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិនេះ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះសម្រេចបាន ៩៣,៤២%ហើយ។
គួរកត់សំគាល់ផងដែរថា ដោយសារតែមានការហូរចូលនូវវិនិយោគចម្រុះតាមរយៈការសាងសង់អគារខុនដូ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន ខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការអភិវឌ្ឍបរិមាណទឹកកខ្វក់មានការកើនឡើងលើសពីការរំពឹងទុក ដើម្បីដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីបានស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងសាងសង់ស្ថានីយបូមទឹកមួយចំនួនបន្ថែមទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។