មាន់ជាង ១០ម៉ឺនក្បាល ត្រូវបានសម្លាប់ក្នុងប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី
វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្លាប់មាន់ទាជាង១០ម៉ឺនក្បាលនៅក្នុងឆ្នាំនេះ បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើងដោយវីរុស H5N1 និង H5N6 នៅទីតាំងចំនួន១៤ផ្សេងគ្នា។
បើតាមនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ការផ្ទុះជំងឺផ្តាសាយបក្សីនេះ បានកើតឡើងកាលពីដើមខែមុន ភាគច្រើននៅក្នុងកសិដ្ឋានខ្នាតតូច ជាទីដែលសត្វចិញ្ចឹមមិនត្រូវបានចាក់វ៉ាក់សាំង។ នាយកដ្ឋាននេះបន្ថែមថា លទ្ធភាពនៃការឆ្លងរាលដាលជំងឺនេះខ្ពស់ណាស់ និងបានណែនាំប្រជាជនកុំអោយបរិភោគសាច់មាន់ទាមិនស្គាល់ប្រភព ហើយក្នុងដំណាក់កាលនេះ ស្នើសុំកុំធ្វើអាហារប្រើឈាមទាឆៅ ដែលជាអាហារពិសេសរបស់ប្រជាជនវៀតណាម ។
គួរបញ្ជាក់ថា វីរុសផ្តាសាយបក្សី H5N6 និង H5N1នេះ អាចចម្លងពីសត្វស្លាបមកមនុស្ស តាមរយៈប៉ះពាល់លាមក ឬ សារធាតុរាវក្នុងខ្លួនវា និងអាចអោយមនុស្សស្លាប់បាន ។ វៀតណាមមានមាន់ទាប្រមាណ៤៦០លានក្បាល ដោយកាលពីឆ្នាំ២០១៩ បានសម្លាប់ចោលប្រមាណ១៣ម៉ឺន៣ពាន់ក្បាល ដោយសារផ្ទុះជំងឺផ្តាសាយបក្សី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។