ចៅក្រមសេីុបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចអនុញ្ញាតឲ្យលោក ម៉ៅ ច័ន្ទរស្មី ត្រលប់ទៅផ្ទះវិញក្រោយមានអន្តរាគមន៍
ភ្នំពេញ ៖ កាលពីល្ងាចម្សិលមិញ ជនត្រូវចោទឈ្មោះ ម៉ៅ ច័ន្ទរស្មី ជាអនុប្រធាននាយកដ្ឋានបច្ចេកទេសនិងអភិវឌ្ឍនលំនៅដ្ឋានត្រូវបានលោក សេង ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យទៅផ្ទះវិញយ៉ាងរំភើយ ក្រោយពីមាន ការអន្តរាគមន៍យ៉ាងខ្វាត់ខ្វែងតាំងពីខណ្ឌ ដល់តុលាការ។
យោងតាមប្រភពបានឲ្យដឹងថា លោកចៅក្រម សេង ឬទ្ធី បានអនុញ្ញាតឲ្យបុរសជាជនត្រូវចោទ ឈ្មោះ ម៉ៅ ច័ន្ទរស្មី ត្រលប់ទៅផ្ទះវិញ ដោយបានដាក់ជនត្រូវចោទរូបនេះឲ្យក្រោមការត្រួតពិនិត្យរបស់តុលាការ។ លោកព្រះរាជអាជ្ញារង កុល ប៊ុន ចោទប្រកាន់ជនត្រូវចោទរូបនេះពីបទ គំរាមកំហែង តាមមាត្រា២៣១នៃក្រមព្រហ្មទណ្ឌ ខណៈជនត្រូវបានស្ថិតក្នុងភាពស្រវឹងបើកបុកគេហើយថែមទាំងផ្ទុះហិង្សាដកកាំភ្លើងភ្ជង់គំរាមសមត្ថកិច្ចផ្អើលនៅនិងកន្លែងកើតហេតុ។
មានប្រភពមួយសុំមិនបញ្ជេញឈ្មោះបានឲ្យដឹងថា ចំពោះករណីលោកអនុប្រធាននាយកដ្ឋានបច្ចេកទេសនិងអភិវឌ្ឍនលំនៅដ្ឋានមានអ្នកជួយអន្តរាគមន៍អំពីវិធានការផ្លូវច្បាប់ទៅលើជនសង្ស័យដោយមានអ្នកជួយអន្តរាគមន៍សុទ្ធសឹងតែមានមុខងារធំៗថែមទៀតផងហើយក្នុងនោះមានអនុប្រធានសាលាដំបូងខេត្តកណ្តាលមួយរូបផងដែរ។
សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៥និង១០នាទីល្ងាច នៅចំណុចមុខក្លោងទ្វារវិទ្យាល័យផ្សារដើមថ្កូវខាងត្បូងផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជនត្រូវចោទឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះលេខ១៤អឺ ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាអនុប្រធាននាយកដ្ឋានបច្ចេកទេសនិងអភិវឌ្ឍលំនៅដ្ឋានបានបង្កគ្រោះថ្នាក់ចរាចរណ៍និងដកអាវុធខ្លីភ្ជង់គំរាមមកលើសមត្ថកិច្ចនគរបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។