ការផ្ទេរ តំណែងនាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្រសួងការពារជាតិ

ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​អញ្ជើញប្រកាសផ្ទេរតំណែងស្តីទីសំខាន់ៗចំនួន៣ជូនដល់ នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្រសួងការពារជាតិ។

តំណែងស្តីទីសំខាន់ៗមាន អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ​ ត្រូវបានប្រគល់ជូន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយតំណែង២ទៀតគឺ ចំណែកតំណែង២ផ្សេងទៀត ត្រូវបាននាយសេនាធិការចម្រុះស្តីទី នៃខ.ភ.ម និងមេបញ្ជាការស្តីទី នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ការផ្ទេរតំណែងស្តីទីនេះ ធ្វើឡើងដោយសារតែមេទ័ពសំខាន់ៗទាំង៣រូប ដែលកាន់តំណែងទាំងនេះ បានព្យួរតួនាទី ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តអាណត្តិទី០៦ សម្រាប់គណបក្សប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃខ.ភ.ម បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលព្រះសីហនុ។ នាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះ នៃខ.ភ.ម បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលឧត្តរមានជ័យ។ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលព្រះវិហារ។

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងថា ការព្យួរតួនាទីបណ្តោះអាសន្ន សម្រាប់មេទ័ពទាំង៣ នៅក្នុងក្របខណ្ឌក្រសួងការពារជាតិនេះ គឺអនុវត្តទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត របស់ព្រះរាជាណាចក្រកម្ពុជា។

បើតាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គឺតម្រូវឱ្យមន្រ្តីរាជការ មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត ជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។

សូមបញ្ជាក់ថា ក្រៅពីពិធីផ្ទេរតំណែងស្តីទីខាងលើ  សម្តេចពិជ័យសេនា​ ទៀ បាញ់ នឹងអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់ទីស្តីការក្រសួងការពារជាតិថ្មី នៅក្នុងបរិវេណក្រសួងការពារជាតិផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close