ពលករខ្មែរម្នាក់ ជាន់មីនដាច់ជើង ខណៈកំពុងលួចឆ្លងពីប្រទេសថៃមកកម្ពុជា
ភ្នំពេញ៖ ពលករខ្មែរម្នាក់ បានជាន់មីន បណ្តាលឲ្យដាច់ជើង កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខណៈកំពុងលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចចេញពីការធ្វើ ចត្តាឡីស័ក។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋាន បានអះអាងថា ពលករខ្មែរខាងលើ ឈ្មោះ យឿន រ៉ន អាយុ៣២ឆ្នាំ ជាប្រជាជនរស់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានលួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជា នៅក្នុងភូមិសាស្ត្រអូរលៀង ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំ រងរបួសធ្ងន់។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។