មីយ៉ានម៉ា កាន់តែតានតឹង ក្រោយយោធាផ្តាច់ប្រព័ន្ធអ៊ិនធឺណិតទាំងអស់
មីយ៉ានម៉ា៖ ដោយខ្លាចការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម កើនឡើងពិបាកក្នុងការទប់ស្កាត់ពេលនេះយោធាមីយ៉ានម៉ា ដែលកំពុងកាន់អំណាចបានសម្រេច បិទបណ្តាញអ៊ិនធឺណិតទាំងអស់ ដើម្បីកំឲ្យផ្សព្វផ្សាយរាល់សកម្មភាពរបស់យោធា ក៏ដូចជា បំផុះបំផុលធ្វើបាតុកម្មប្រឆាំងកាន់តែច្រើន ពិបាកក្នុងការទប់ស្កាត់។
សេវាកម្មអ៊ិនធឺណិត នៅក្នុងប្រទេសមីយ៉ានម៉ា ត្រូវបានកាត់ផ្តាច់ទាំងស្រុង ចាប់ពីព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ហើយកម្លាំងទាហានបានដាក់ពង្រាយនៅគ្រប់ទិសទីទប់ស្កាត់ពលរដ្ឋធ្វើបាតុកម្ម ។ ទាំងនោះជាសកម្មភាពរបស់យោធា ដើម្បីកាត់បន្ថយការប្រមូលផ្តុំធ្វើបាតុកម្មកាន់តែកើនឡើងក្នុងប្រទេសនេះ។
ពលរដ្ឋមីយ៉ានម៉ា មិនអាចចូលទៅកាន់ប្រព័ន្ធ អ៊ិនធឺណិតបានឡើង បង្កក្តីបារម្ភយ៉ាងខ្លាំងពីការប្រើអំពើហិង្សា ហើយពលរដ្ឋមិនអាចទំនាក់ទំនងគ្នា តាមបណ្តាញទំនាក់ទំនងនានា ក្នុងប្រទេសនេះ។ ជាមួយគ្នានេះកម្លាំងសន្តិសុខ នៅទីក្រុង Myitkyina ភាគខាងជើងមីយ៉ានម៉ា កាលពីថ្ងៃទី១៤ខែកុម្ភៈ បានផ្ទុះអាវុធ បំបែកហ្វូងបាតុករ ប្រឆាំងការធ្វើរដ្ឋប្រហារ ។ ការផ្ទុះអាវុធ នោះ មិនទាន់ដឹងថា ជាគ្រាប់ពិត ឬគ្រាប់ជ័រ ។
រដ្ឋាភិបាលមីយ៉ានម៉ា គ្រប់គ្រងដោយកម្លាំងទាហាន បានខិតខំបញ្ចប់ការធ្វើបាតុកម្ម ប្រឆាំងការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈ។ រូបភាពស្តីពីសកម្មភាពរបស់កម្លាំងយោធា ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម។ អង្គការសហប្រជាជាតិ បានស្នើបញ្ជូនក្រុមអ្នកអង្កេតការណ៍ ទៅកាន់ប្រទេសតំបន់អាស៊ានមួយនេះ ដើម្បីតាមដានស្ថានភាព គ្រប់គ្រងដោយយោធា ។
មកទល់ពេលនេះ មានអ្នកសារព័ត៌មាន យ៉ាងតិច៥នាក់ហើយត្រូវបានកម្លាំងទាហានមីយ៉ានម៉ា ចាប់ខ្លួន និងពលរដ្ឋជាង ៤០០នាក់ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារ។ ក្រៅពីនេះក៏មានពលរដ្ឋជាច្រើន រងរបួស ក្នុងការប្រើហិង្សា ពីកម្លាំងសន្តិសុខ ដើម្បីបំបែកហ្វូងបាតុករ។
នៅក្នុងសេចក្តីប្រកាសរួម របស់ អគ្គរដ្ឋទូត អាមេរិក អង់គ្លេស និងសហគមន៍អឺរ៉ុប ប្រចាំនៅប្រទេសមីយ៉ានម៉ា បានអំពានវាវដល់យោធា មិនត្រូវ ធ្វើឲ្យពលរដ្ឋរងរបួសឬស្លាប់ នោះឡើយ។ នៅក្នុងសេចក្តីប្រកាសបានអំពាវនាវដល់ យោធារក្សាការអត់ធ្មត់ទប់ បញ្ចៀសការប្រើអាវុធ ទៅលើក្រុមអ្នកប្រឆាំង រដ្ឋាភិបាល។ ស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ានម៉ា ធ្លាក់នៅក្នុងភាពចលាចលទាំងស្រុង ក្រោយពេលកម្លាំងយោធាធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួន លោកស្រីអោង សាន ស៊ូជី និងប្រធានាធិបតី នៅថ្ងៃទី ១ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។